ក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល សច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភក្រ្តព្រះមហាក្សត្រ
ភ្នំពេញ៖ បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលរួចហើយ រសៀលថ្ងៃទី៦ខែកញ្ញានេះ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភក្រ្តព្រះមហាក្សត្រ។
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានដឹកនាំសម័យប្រជុំ ដើម្បី ធ្វើការបោះឆ្នោតជាកញ្ចប់ជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈ កម្មការជំនាញទាំងអស់នៃរដ្ឋសភា នឹងងបានផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលផងដែរ។
ជាលទ្ធផលសមាជិក សមាជិកា រដ្ឋសភា បានបោះឆ្នោតជាឯកច្ឆ័នគាំទ្រសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា នីតិកាលទី៦ ឯកឧត្តម ងួន ញ៉ិល ជាអនុ ប្រធានទី១ និងលោកជំទាវ ឃួន សូដារី ជាអនុប្រធានទី២។
បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រពីរដ្ឋសភាឲ្យក្លាយជាប្រធានរដ្ឋសភា នីតិកាល ទី៦ រួចមកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន តាងនាម លោកងួន ញ៉ិល អនុប្រធាន ទី១ និងលោកស្រី ឃួន សូដារី អនុប្រធានទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រសមាជិករដ្ឋសភា និងបានហៅការគាំទ្រនេះថាជាការផ្តល់កិត្តិយសយ៉ាងធំធេង ចំពោះសម្តេច ឯកឧត្តម និងលោកជំទាវទាំង ៣រូប ដែលបានក្លាយជាប្រធាន អនុប្រធានទី១ អនុប្រធានទី២ រដ្ឋសភានាពេលនេះ។ ក្នុងនាមជាប្រធានស្ថាប័ននីតិប្បញ្ញត្តិ សម្តេចអគ្គមហា ពញាចក្រីបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការធ្វើការបំរើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅ នឹងការផ្តល់ទំនុកចិត្តយ៉ាងលើសលប់ពីពលរដ្ឋម្ចាស់ឆ្នោត កាលពីការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត។
កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងរាស្រ្ត១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបទទួលបានការប្រកាសសុពលភាព និងស្បថចូលកាន់តំណែង ដើម្បីបើកកិច្ចប្រជុំរបស់ខ្លួន ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកិច្ចប្រជុំសភានេះដឹកនាំដោយព្រឹទ្ធសមាជិកសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ៕