គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព
សៀមរាប ៖ វឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដែលសម្រេចបាន ៩២,៧២% ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះត្រួតពិនិត្យបន្ថែម ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក។
ថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញធ្វើដំណើរដោយថ្មើរជើង ដឹកនាំក្រុមជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាព នៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលំអសួន
និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេស របស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរ ឱ្យក្រុមការងារជំនាញបច្ចេកទេស ពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវ ចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាព ថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់ លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវ ឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យមើលស្ពាន ដែលបានសាងសង់ឆ្លងកាត់ដងស្ទឹងសៀមរាប ផងដែរ និងបានស្នើឱ្យអ្នកជំនាញបច្ចេកទេស ក្រោមឱវាទលាបថ្នាំពណ៌ដូចគ្នាលើតួស្ពាន និងបង្កាន់ដៃស្ពានចំនួនប្រាំកន្លែង។
ជាលទ្ធផលនៃការត្រួតពិនិត្យ ទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហា កំហុសបច្ចេកទេសបន្តិចបន្តួច ក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស របស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេស ពាក់ព័ន្ធធ្វើការកែតម្រូវឱ្យបានសមស្រប ទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់។
សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។
គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។
ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀង ប្រវែងសរុប១៤៧,០០ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរ បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើង ដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕