សម្តេចក្រឡាហោម ស ខេង ចេញលិខិត ប្រកាសគោរពតាមការសម្រេច របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើស អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសគោរព តាមការសម្រេចរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមសារសម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការពីនាយឧត្តមសេនីយ៍ ខៀវ សុភ័ក នាយកខុទ្ទកាល័យសម្តេចក្រឡាហោម នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ព្រមទាំងបង្ហោះនៅលើ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម។
ក្នុងសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់២ចំណុចដូចតទៅ៖ «ខ្ញុំមានសេចក្តីសោមនស្សសូមជម្រាបជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា៖
១៖ ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។
២៖ ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន៕