ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការ ជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់សំដៅ សម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភ

59

 

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់ សំដៅសម្រេចឱ្យបានលទ្ធផលអាហារូបត្ថម្ភកាន់តែប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយ បញ្ហាប្រឈមរួមរបស់ពិភពលោក។

ការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានអញ្ជើញ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងការណ៍ក្នុងកិច្ចប្រជុំកំពូលស្ដីពី «អាហារូបត្ថម្ភ ដើម្បីកំណើននៅទីក្រុងតូក្យូ» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ តាមខ្សែអាត់វីដេអូ។

តាមរយៈសេចកក្តីថ្លែងការណ៍ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា៖ «កម្ពុជា នឹងបន្តសហការជាមួយ បណ្តាអង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសនានា ដើម្បីរៀបចំកិច្ចសន្ទនា គោលនយោបាយប្រកប ដោយបរិយាប័ន្ន សម្រាប់អាហារូបត្ថម្ភ។ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ កម្ពុជានឹងបន្តសហការជាមួយប្រទេសនានា ក្នុងតំបន់និងក្រៅតំបន់ សំដៅសម្រេចឱ្យបានលទ្ធផល អាហារូបត្ថម្ភកាន់តែប្រសើរឡើង ដោយធ្វើការអំពាវនាវឱ្យមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់យើង»។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្តថា កម្ពុជាប្តេជ្ញាបញ្ចប់បញ្ហាអាហារូបត្ថម្ភ គ្រប់ទម្រង់នៅត្រឹមឆ្នាំ២០៣០ ដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ច។ កម្ពុជាមានមោទភាពចំពោះវឌ្ឍនភាពដែលយើងសម្រេចបាន និងប្តេជ្ញា បន្តប្រែក្លាយប្រព័ន្ធស្បៀងរបស់យើង តាមរយៈការផ្តល់របបអាហារសុខភាពប្រកបដោយសមធម៌ ការផ្ដល់ភាព អង់អាចដល់ស្ត្រី យុវជន ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ការការពារ និងការស្តារប្រព័ន្ធអេកូឡូជី ក្នុងពេលជាមួយគ្នាអភិវឌ្ឍភាពធន់កាន់តែប្រសើរ និងការគ្រប់គ្រងប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្នជាងមុន។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់បន្ថែមថា «ការប្ដេជ្ញារបស់យើង គាំទ្រដោយយុទ្ធសាស្រ្ត និងគោលនយោបាយជាតិនានាដ៏រឹងមាំ គួបផ្សំជាមួយនឹង ផែនការលម្អិតដោយផ្តោតលើការ អន្តរាគមន៍ក្នុងរយៈពេល ១,០០០ថ្ងៃដំបូងនៃជីវិត ការលើកកម្ពស់ការបំបៅ កូនដោយទឹកដោះម្តាយ ការលើកកម្ពស់ការផ្តល់អាហារបន្ថែម ការបង្ការ និងព្យាបាលកុមារស្គមស្គាំង និងកុមារ ក្រិសក្រិន និងការផ្តល់អាហារតាមសាលារៀន ដើម្បីឈានទៅដោះស្រាយបញ្ហាអាហារូបត្ថម្ភ ការប្តេជ្ញាចិត្ត យ៉ាងមុតមាំពីវិស័យសុខាភិបាល និងវិស័យអប់រំ ត្រូវបានបំពេញបន្ថែម ដោយសកម្មភាពនានានៅក្នុងវិស័យ កសិកម្ម ទឹកស្អាត និងអនាម័យ និងប្រព័ន្ធគាំពារសង្គម»។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឱ្យដឹងថា អភិក្រមពហុវិស័យ និងពហុភាគី គឺជាយន្តការស្នូលមួយជួយ រាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅបញ្ចប់ បញ្ហាអាហារូបត្ថម្ភ កាត់បន្ថយផលប៉ះពាល់អន្តរជំនាន់ និងអនុញ្ញាតឱ្យមនុស្សជំនាន់ក្រោយ មានសក្តានុពល ពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង