ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់បង្កហិង្សាដោយចេតនា បណ្តាលឲ្យស្លាប់ជនរងគ្រោះ ត្រូវចាប់ខ្លួនបាន នៅក្រុងបាត់ដំបង

83


បាត់ដំបង៖ ជនដៃដល់ម្នាក់ ដែលបង្កហិង្សាវាយបុរសម្នាក់ ក្នុងជម្លោះជាមួយគ្នា ពេលផឹកស៊ី​ បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែ ស្លាប់ ត្រូវបាននគរបាលខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនបាន ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​៥​ ខែ​ កញ្ញា​ ឆ្នាំ​២០១៨នេះដោយអនុវត្តនូវបទបញ្ជារបស់លោក ​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ ក្នុងផែន ​ចូលរួមជា​មួយកម្លាំងនគរបាល ​នៃអធិការដ្ឋាននគរបាលក្រុង​បាត់​ដំ​បង​ ស្រុកឯកភ្នំ​ និងដោយមានការសម្របសម្រួល លើនី​តិវិធីពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ​ ជនដៃដល់ក្នុងអំពើហិង្សា ប្រើ​ប្រាស់ដុំថ្ម វាយទៅលើជនរងគ្រោះ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវបានឃាត់ខ្លួននោះ គឺឈ្មោះចាន់ សុហេង ភេទប្រុស អាយុ​២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង មកស្នាក់នៅបណ្តោះអាសន្ន ភូមិស្លាកែត​​ សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ខេត្តបាត់ដំបង​ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ធឿន មករា ហៅ ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ត្រូវបាន​បាត់ខ្លួនចាប់តាំងពីរាត្រីថ្ងៃទី​៣ ​ខែកញ្ញា ​ឆ្នាំ២០១៨ ​ដោយ​មិនមានក្រុមគ្រួសារ បានដឹងពីដំណឹងអ្វីទាំងអស់​ រហូតដល់ថ្ងៃទី​៥​ ខែ​កញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង១០និង៣០នាទីព្រឹក ​ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ បានប្រទះ​ឃើញសាកសព​បុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងសង្កែ​ ឃើញដូច្នេះទើបប្រជាពលរដ្ឋរាយការណ៍ព័ត៌មាននេះ ជូននគរបាលស្រុកឯកភ្នំ​ ក្រោយធ្វើការស្រង់សាកសពចេញពីក្នុងទឹកស្ទឹងមក​។ ពិនិត្យលើរាងកាយសាកសព ឃើញមានស្លាកស្នាមរបួស ដែលនាំទៅដល់ការវាយតម្លៃ អំពីស្ថានភាពដែលមា​នអំពើហិង្សាណាមួយ ដែល​បង្កឡើងចំពោះសាកស​ពបុរស​រូបនេះ​ ។​

​ផ្តើមចេញពីរូបភាព​សាកសពនេះ ទើបក្រុមគ្រួសាររបស់សពបានដឹង​ ហើយបាន​បង្ហាញប្រាប់សមត្ថកិច្ចថា ​សាកសពមានឈ្មោះធឿន មករា ហៅ ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង​ ត្រូវបាន​បាត់ខ្លួន ចាប់​តាំងពីរាត្រីថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ២០១៨​​ រហូតមកដោយមិន​ដឹងមូលហេតុ​ ។​ នៅពេលទទួលបានពត៌មានបែបនេះនគរបាលបាន​ប្រើប្រាស់វិធានការជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតដល់រសៀលថ្ងៃទី៥​ ខែ​ កញ្ញ​ ​ឆ្នាំ២០១៨ដដែលនេះពោលគឺត្រឹមតែរយៈពេល០៤ម៉ោងប៉ុណ្ណោះក្រោយពេលសាកសពស្រង់ចេញពីទឹកនគរបាលបាន​វែកមុខជន​ដៃ​ដល់ក្នុងការប្រើហិង្សាបណ្តាលឲ្យជនរងគ្រោះឈ្មោះ​ ធឿន​ មករា​ហៅ​ស៊ុយ​បាត់បង់ជីវិត​ មកទទួលខុសត្រូវចំពោះមុខច្បាប់​។​
ជនដៃដល់​ឈ្មោះចាន់ សុហេង​ បានឆ្លើយសារភាពថា ​នៅរាត្រីថ្ងៃទី៣​ ខែ​កញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុង​យប់ជ្រៅរំលងអធ្រាត្រ ខ្លួននិងជ​នរងគ្រោះ មានជម្លោះជាមួយគ្នា ក្នុងពេលផឹកស៊ី​ រហូតខ្លួនប្រើប្រាស់ដុំថ្មវាយទៅលើជនរងគ្រោះ បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកស្ទឹងសង្កែ ​ហើយបន្ទាប់មកក៏លិចចូល​ក្នុងទឹកស្ទឹង បាត់ទៅ​ ក្រោយពីធ្វើសកម្មភាព ហើយខ្លួនក៏សម្ងំធ្វើហាក់មិនបាន​ដឹងរឿងអ្វីទាំងអស់ រហូតដល់ពេលដែលសមត្ថកិច្ចនគរ​បាល ធ្វើការឃាត់ខ្លួន​ ។​ ជនដៃដល់នឹងត្រូវរៀបចំសំ​ណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង