ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាសរុប៤.៣០ប៊ីលានដុល្លារ

251

 

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបចំនួនប្រមាណ៤.៣០ប៊ីលានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា។

ការគូសបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៥ សម្រាប់គម្រោង/កម្មវិធីចំនួន៤ ដែលមានទឹកប្រាក់សរុបចំនួន ៣៣២.០៥លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុប ចំនួនប្រមាណ ៤.៣០ ប៊ីលានដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀង ចំនួន ០៥ ដែលបានចុះហត្ថលេខាក្នុងថ្ងៃនេះ ដែលក្នុងនោះ ឥណទានសម្បទាន មានទឹកប្រាក់ សរុបចំនួនប្រមាណ ៣.៧៥ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១២៣ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ប្រមាណ ៥១៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ៦៤ ។ ទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹង ភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង