អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»
កណ្តាល ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើង លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែល បានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន៖ ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល, ទីលានចំណតយន្តហោះទំហំ ១៨៩ហិកតា, ស្ថានីយត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ, ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង ១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២, ជីកប្រឡាយព័ទ្ធទំនប់ជុំវិញអាកាសយានដ្ឋានប្រវែង ២០គីឡូម៉ែត្រ, សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា៖ អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់, ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់, ស្ថានីយស្តុកសំណល់រឹង, ស្ថានីយជួសជុលយានយន្ត, ស្ថានីយស្តុកប្រេង, ស្ថានីយស្តុកទំនិញ, ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។
គម្រោងក៏កំពុងដំណើរការលើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ ១៨ហិកតា ក្នុងជម្រៅពី ៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ ១០០ហិកតា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះដំណើរការ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅពេលនេះ ដែលបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាអ្វីដែលក្រុមហ៊ុនបានបញ្ជាក់ខាងលើ។សម្តេចតេជោបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។ ពាក្យថា «តេជោ» ដែលបានដាក់នៅអាកាសយានដ្ឋានថ្មីនេះ មិនមែនដំដៅដល់សម្តេចម្នាក់ឯងនោះឡើយ គឺបានសំដៅដល់តេជោជាច្រើនរូបទៀត ជាពិសេសមាន តេជោមាស តេជោយ៉ត ជាដើម ពិសេសក៏ជាការបង្ហាញអំពីសមិទ្ធផលដែលកើតនៅក្នុងរបបរាជានិយមផងដែរ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានដែលមានសមត្ថភាពខ្ពស់បែបនេះ គឺវាពិតជាសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ដែលនៅពេលខាងមុខកម្ពុជានឹងមានជើងហោះហើរជាច្រើនធ្វើដំណើរមកកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ សម្តេចតេជោចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។ សម្តេចតេជោ បានរំលឹកថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងនោះ មិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរ គ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។
នៅថ្ងៃនេះ ផងដែរ សម្តេចតេជោរដ្ឋមន្ត្រីបានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុង សម្រាប់នាពេលអនាគត បានរៀបចំរួចហើយ ហើយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាត របស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីបម្រុងដែលសម្តេចបាន រើសនោះ ពាក់កណ្តាលជាថ្នាក់បណ្ឌិត ក្រៅពីនោះជាអនុបណ្ឌិត ដែលមានអាយុភាគច្រើនក្រោម៦០ឆ្នាំ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនទទួលការសាងសង់ អាកាសយានដ្ឋានធំនេះ និងអរគុណដល់បុគ្គលិកកម្មករទាំងខ្មែរទាំងបរទេស ទាំងអស់ដែលបានចូលរួមចំណែក ដ៏សកម្ម និងជូនពរអោយជួបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺកូវីដ-១៩ និងជោគជ័យគ្រប់ៗគ្នា។
បន្ទាប់ពីសំណេះសំណាលជាមួយបុគ្គលិក កម្មករ ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិនេះរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើដំណើរពិនិត្យមើលការដ្ឋាន ក៏ដូចជាកន្លែងសំខាន់ៗដែលក្រុមហ៊ុនបានសាងសង់រួចរាល់ និងកំពុងដំណើរការនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះ ប្រកបដោយបរិយាកាសរីករាយបំផុត៕