ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល និង WHO ប្រចាំកម្ពុជា កំពុងធ្វើការយ៉ាងមមាញឹក លើការប្រែប្រួលនៃកូវីដបំប្លែងថ្មី «អូមីក្រុង» ជាមួយវិធានការដែល មានស្រាប់របស់ប្រទេស

41

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីដោះស្រាយបញ្ហាប្រឈម នៃវីរុសកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលា ជាមួយវិធានការដែលមានស្រាប់របស់ប្រទេសកម្ពុជា ។ នេះបើតាមសេចក្ដីជូនព័ត៌មានរួមគ្នា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) របស់ក្រសួងសុខាភិបាល និង WHO ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្ដីជូនព័ត៌មានរួមគ្នានៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា ជាមួយនឹងការលេចចេញនូវវ៉ារ៉្យង់ថ្មីរបស់កូវីដ-១៩ ហៅថា «អូមីក្រុង (Omicron)» បណ្តាប្រទេសនៅលើពិភពលោក បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ម្តងទៀត ចំពោះរលកនៃការឆ្លងជំងឺកូវីដ-១៩ វ៉ារ៉្យង់ថ្មីមួយផ្សេងទៀតនេះ។

សេចក្ដីជូនព័ត៌មានរួមគ្នា បានបញ្ជាក់ថា «ក្រសួងសុខាភិបាល ដែលមានការគាំទ្រ ពីអង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ និងដើម្បីមើលថា តើការប្រែប្រួលនេះនឹងមានផលប៉ះពាល់អ្វីខ្លះ ទៅលើឧបករណ៍ និងវិធានការណ៍ ដែលមានស្រាប់របស់ប្រទេស ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ជាពិសេសពពួកបប្លែងថ្មី អូមីក្រុង នេះ»។

សេចក្ដីជូនព័ត៌មានបានបន្ថែមថា ក្នុងខណៈពេលដែលបច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ណាមួយថា មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសកម្ពុជា នៅឡើយក៏ដោយ ប៉ុន្តែបើតាមការសិក្សាពីចរាចរ និងបទពិសោធន៍នៃវីរុសប្រភេទដែលតា (Delta) ដែលកំពុងតែមានវត្តមានយ៉ាងច្រើន រហូតមកដល់បច្ចុប្បន្ននេះ យើងអាចប្រមើលមើលរំពឹងទុកថា ចរន្តចរាចរនៃវីរុសអូមីក្រុងនេះ អាចនឹងមកដល់ប្រទេសនានា ដោយស្ងៀមស្ងាត់ក្នុងថ្ងៃណាមួយ ដោយវាគ្រាន់តែជាបញ្ហា នៃពេលវេលាតែប៉ុណ្ណោះ។

ជាក់ស្ដែង អង្គការសុខភាពពិភពលោក បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួន ដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ មានប្រទេសចំនួន ៥៧ នៅលើពិភពលោក ដែលបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសអូមីក្រុងក្រោយ ពីមានការប្រកាសរកឃើញករណីវីរុសអូមីក្រុងជាលើកដំបូងលើវត្ថុសំណាកបុគ្គលម្នាក់ដែល បានយកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលវ៉ារ៉ង់ថ្មី (B.1.1.529) នេះ បានរាយការណ៍ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ដើម្បីកាត់បន្ថយពេលវេលា នៃការមកដល់ក្នុងប្រទេសនៃវីរុសអូមីក្រុង (Omicron) វិធានការការពារនៅតាមព្រំដែនអន្តរជាតិ កំពុងតែត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប៉ុន្តែក៏មានការគិតទុកជាមុនថា វត្តមានមកដល់របស់អូមីក្រុង (Omicron) នឹងអាចកើតមានឡើង នៅពេលណាមួយជាមិនខាន។

ដូច្នេះ បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និមួយៗ និងសហគមន៍ទាំងមូល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ហើយត្រៀមខ្លួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដោយមិនគិតពីការប្រែប្រួល នៃវីរុសកូវីដ-១៩ ខណៈពេលដែលយើងកំពុងរៀនសូត្ររស់នៅក្នុងប្រក្រតីភាពថ្មីរបស់យើង ដោយចាំបាច់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ ៣ ការពារ និង៣កុំ ហើយត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានពេញលេញ នៅពេលវេនរបស់អ្នកមកដល់ ដែលនេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺវីដ-១៩។

សេចក្ដីជូនព័ត៌មានរួមគ្នា របស់ក្រសួងសុខាភិបាល និង WHO ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា វាជាការលំបាកណាស់ ក្នុងការលុបបំបាត់មេរោគកូវីដ-១៩ (COVID-19) ហើយវារឹតតែពិបាកណាស់ទៅទៀត ក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្ត វិធានការបង្ការជំងឺចាំបាច់ទាំងអស់ ដែលបានដាក់ចេញ។

អូមីក្រុង ត្រូវបានចាត់ទុកជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភ ពីព្រោះវា មានភាពបំប្លែងខ្លួនជាច្រើន ដែលអាចមានឥទ្ធិពល លើចរិកលក្ខណៈ របស់វា។ យើងត្រូវការការស្រាវជ្រាវឆាប់រហ័ស ដើម្បីយល់ដឹងពីរឿងនេះ។ ក្នុងពេលជាមួយគ្នានេះដែរ យើងមិនត្រូវភ្លេចថា យើងក៏កំពុងធ្វើការដោះស្រាយ បញ្ហាវីរុសកូវីដ-១៩ ដែលងាយឆ្លងដ៏គ្រោះថ្នាក់មួយ គឺវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលនៅតែជាមេរោគ ដែលបង្កករណីឆ្លងស្ទើរតែទាំងអស់ នៅទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង