ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈម ផ្នែកបច្ចេកទេសលើការដំឡើង កាមេរ៉ាចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំង នៅលើផ្លូវជាតិលេខ៣

337

ភ្នំពេញ៖ កិច្ចពិភាក្សាស្តីពីវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសលើការដំឡើងកាមេរ៉ាចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំងនៅលើផ្លូវជាតិលេខ៣ ត្រូវបានពិភាក្សារកដំណោះដោះស្រាយ ដើម្បីធានាបញ្ចប់ការងារទាំងស្រុងឱ្យបានត្រឹមចុងឆ្នាំ២០២១ ខាងមុននេះ។

ថ្ងៃព្រហស្បហិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានបើកកិច្ចប្រជុំពីវឌ្ឍនភាពគម្រោងដំឡើងកាមេរ៉ាចាប់ល្បឿនចំនួនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំង លើផ្លូវជាតិលេខ៣ ដោយមានការចូលរួមពី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធាណៈ និង លោក ណៃ ចំណង់ ប្រធានអង្គភាពអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ លោកឧត្តមសេនីយ៍ ថី វិសាល តំណាងអគ្គស្នងការនគរបាលជាតិ លោក ថន មករា ប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ តំណាងទូរគមនាគមន៍កម្ពុជា និងតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។

អង្គប្រជុំ បានលើកឡើងពីវឌ្ឍភាព ដូចជាការបំពាក់សម្ភារបរិក្ខារូបវ័ន្តឱ្យរួចស្រេចទាំងស្រុង បញ្ហាប្រឈម និងដំណោះស្រាយ លើការងារដែលនៅសេសសល់ និងផ្នែកបច្ចេកទេស ព្រមទាំងយន្តការគ្រប់គ្រង លើបញ្ហាបច្ចេកទេសក្នុងអនុវត្តពេលដាក់ដំណើរការ។ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសលើបញ្ហាការតភ្ជាប់ បណ្តាញដែលនៅមានការរាំងស្ទះ និងបានឯកភាពលើការដាក់ចេញនូវគោលការណ៍ដោះស្រាយពីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់នាយកដ្ឋានព័ត៌វិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាព បញ្ចប់ការងារដែលនៅសេសសល់ទាំងស្រុងយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ គ្រោងនឹងដាក់សម្ភោធឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិការជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង