ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO ព្រមានពីការស្តុកទុក វ៉ាក់សាំងជាថ្មី ដោយបណ្តាប្រទេសអ្នកមាន ក្រោយមានការសិក្សាថា ដូសជំរុញអាចទប់ទល់ «អូមីក្រុង»

337

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បានព្រមានជាថ្មីចំពោះបណ្តាប្រទេសអ្នកមាន ជុំវិញចេតនាស្តុកទុកវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ការចាក់ដូសជំរុញ ខណៈដែលការសិក្សាថ្មីនៅសហរដ្ឋអាមេរិក បានបង្ហាញថា ការចាក់ដូសជំរុញអាចបង្កើនប្រសិទ្ធភាព ក្នុងការទប់ទល់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានពីសំណាក់ WHO ខាងលើនេះបានកើតមានឡើង ខណៈប្រទេសមួយចំនួន បាននិងកំពុងចាប់ផ្តើមគិតគូរខ្លាំង ទៅលើការចាក់វ៉ាក់សាំងដូសជំរុញ ស្របពេលដែលប្រទេសក្រីក្រជាច្រើននៅលើពិភពលោក ជាពិសេសនៅទ្វីបអាហ្វ្រិក នៅតែកំពុងមើលឃើញអត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងកម្រិតទាបនៅឡើយ។

WHO ធ្លាប់បានលើកឡើងម្តងរួចមកហើយថា ការផ្ទុះមេរោគបំប្លែងថ្មី Omicron នៅតំំបន់អាហ្វ្រិកខាងត្បូង គឺជាឧទាហរណ៍យ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងអំពី យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 កន្លងមកនេះ ដែលមានភាពលម្អៀងខ្លាំង នៅទូទាំងពិភពលោក ហើយវាគឺជាឱកាសដែលទុកឲ្យ COVID-19 អាចបំប្លែងខ្លួន និងវិវឌ្ឍកាន់តែសាហាវ ពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ហេតុដូច្នេះ WHO បានជំរុញជាថ្មីឲ្យប្រទេសអ្នកមានៗទាំងឡាយ គិតគូរកែសម្រួលឡើងវិញ ចំពោះចេតនាស្តុកទុកវ៉ាក់សាំងបង្ការ COVID-19 ដើម្បីចាក់ដូសជំរុញជូនប្រជាជនពួកគេ ដោយគួរតែបន្ថយយុទ្ធនាការនោះ មកត្រឹមជាការចាក់ដូសជំរុញ ជូនដល់អ្នកដែលមានបញ្ហាសុខភាព ឬអ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយជាដើម៕

អត្ថបទដែលជាប់ទាក់ទង