ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ព គឺជាមជ្ឈមណ្ឌល នៃការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្ស ដែលប្រកបដោយវិន័យ សមត្ថភាព និងមនសិការស្នេហាជាតិ ដើម្បីបម្រើសង្គមជាតិ

302

 

ក្រុងបូកគោ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់កងទ័ព ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ, ច្បាប់លក្ខន្តិកៈទូទៅ, បទវិន័យទូទៅ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សំដៅថែរក្សាឱ្យបានដាច់ខាតនូវ សុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការលះបង់សាច់ស្រស់ ឈាមស្រស់របស់អ្នកជំនាន់មុន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីប្រកាសបង្កើតផ្នែកសឹករងបូកគោ, តែងតាំងផ្លាស់ប្តូរមុខតំណែង, បំពាក់ឋានន្តរស័កិ្ត និងបញ្ចូលក្របខ័ណ្ឌពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកំពត ស្ថិតក្នុងខេត្តកំពត នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមជាអ្នកជំនាន់ក្រោយ សូមពង្រឹងនូវគុណតម្លៃនៃ ការលះបង់ឱ្យបានដូចនឹងគំរូវីរភាពរបស់យោធិនជំនាន់មុន និងប្តេជ្ញាការពារដាច់ខាតនូវរាល់ សកម្មភាពទាំងទ្បាយណាដែលញុះញង់បំភ្លៃការពិត នាំឱ្យមានការបែកបាក់ សាមគ្គីភាព ឯកភាពជាតិ បង្កចលាចល និងអស្ថិរភាពនយោបាយ និងសង្គម ក្នុងបំណងអូសទាញកម្ពុជា ឲ្យឱ្យធ្លាក់ទៅក្នុងវិនាសកម្ម ដោយសារភ្នក់ភ្លើងសង្រ្គាមឡើងវិញ។

ក្នុងឱកាសដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្តនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែង ក្តីសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះអង្គភាពថ្មី ផ្នែកសឹករងក្រុងបូកគោ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ដែលទទួលបាននូវឱកាស ក្នុងការចូលរួមដឹកនាំ ពង្រឹង បម្រើ និងកសាងកងឯកភាពឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមអភិវឌ្ឍសហគមន៍ និងកិច្ចសហការ ជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម បានចាត់ទុក កងទ័ព គឺជាមជ្ឈមណ្ឌលនៃការបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍធនធានមនុស្ស ដែលប្រកបដោយវិន័យ សមត្ថភាព និងមនសិការស្នេហាជាតិ ដើម្បីបម្រើសង្គមជាតិ ជាពិសេស កិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ ដោយឡែក មេបញ្ជាការ មេបញ្ជាការរង គឺជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយផ្តើមចេញពីការគោរពឱ្យតម្លៃគ្នា និងការរក្សាគុណភាពនៃបរិមាណ តាមរយៈការបែងចែក តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ ដោយឈរលើសិល្បៈ និងបច្ចេកទេសក្នុងការដឹកនាំ ប្រកបដោយសមធម៌ គុណធម៌ និងយុត្តិធម៌ បង្កើតបានជាទំនុកចិត្តរបស់ថ្នាក់ក្រោម។

ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បាន គោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការសម្រេច ចិត្តជាយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ប្រកបដោយភាពក្លាហាន និងការ ទទួលខុសត្រូវ ក្នុងការជ្រើសរើស និងបើកដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងប្រទេសកម្ពុជា ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ រហូតប្រទេសកម្ពុជាអាចត្រូវបាន បើកដំណើរឡើងវិញលើគ្រប់វិស័យ ដូចពេលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថានប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក ក៏ដូច ជាគ្រប់បណ្តាស្ថាប័ន-កងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋា ភិបាលក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ, ក៏ដូចជាការយកចិត្តទុក ដាក់ការពារខ្លួន, គ្រួសារ និងអង្គភាព ដោយបានខិតខំអនុវត្តនូវ រាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។ ចំពោះមុខនេះ ដោយសារជំងឺនេះមិនទាន់ បានសាបរលាបនៅទ្បើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានចូលរួមអបអរសាទរចំពោះអង្គភាពថ្មី ផ្នែកសឹករងក្រុងបូកគោ ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ដែលទទួលបាននូវឱកាស ក្នុងការចូលរួមដឹកនាំ ពង្រឹង បម្រើ និងកសាងកងឯកភាព ឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមអភិវឌ្ឍសហគមន៍ និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កងកម្លាំងគ្រប់ប្រភេទ ដើម្បីធានាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

 

អត្ថបទដែលជាប់ទាក់ទង