ករណីគ្រោះអគ្គិភ័យចំនួន២កន្លែង ឆេះផ្ទះជិត១០០ខ្នង
សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចុះពិនិត្យពីស្ថានភាព និងសហការជាមួយអាជ្ញាធរក្នុងការជួយអន្តរាគមន៍ និងស្រង់នូវស្ថិតិករណីគ្រោះអគ្គិភ័យចំនួន២កន្លែង រួមមាន៖
១- ករណីអគ្គិភ័យនាវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមតួលេខបឋមបណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងចំនួន៨០ខ្នង ស្មើនឹង៨០គ្រួសារ និងមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ។
២- ករណីអគ្គិភ័យនាវេលាម៉ោង៨:១៥នាទីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១នេះដែរ ស្ថិតនៅចំណុចជួរមាត់ទន្លេ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងចំនួន១៧ខ្នង ស្មើនឹង២៧គ្រួសារ (ផ្ទះអ៉ីស្លាម១៦គ្រួសារ) និងមិនបណ្តាលឱ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតឡើយ ។
នាខណៈនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានសម្តែងនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយគ្រួសាររងគ្រោះទាំងអស់ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លេីងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះ និងការតបណ្តាញអគ្គិសនីប្រេីប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ដេីម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីការជួយអន្តរាគមន៍របស់សមត្ថកិច្ចយ៉ាងសស្រាក់សស្រាំ គ្រោះអគ្គិភ័យទាំងពីរកន្លែងខាងលេីបានរលត់ទៅវិញ នៅព្រឹកថ្ងៃខែឆ្នាំដ៏ដែល ៕