បើកយុទ្ធនាការបញ្ជ្រាប ការផ្សព្វផ្សាយពីកម្មវិធីគុណ តម្លៃអូឡាំពិកនៅ ខេត្តកែបលើកដំបូង
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំបើកយុទ្ធនាការ «កម្មវិធីគុណតម្លៃអូឡាំពិក» ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយជូនដល់សិស្សានុសិស្ស រយៈពេលពីរថ្ងៃ គឺថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យចំនួនពីរ នៅខេត្តកែប។
លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសប្រចាំវគ្គអប់រំគុណតម្លៃអូឡាំពិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសបញ្ជាក់ថា នៅថ្ងៃទី១នេះ យើងបានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង ហើយនៅថ្ងៃស្អែក នឹងបន្តធ្វើទៀត នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ដោយមានការចូលរួម ពីសិស្សានុសិស្សសរុបចំនួន ១០០នាក់។ គ្រូឧទ្ទេសរូបនេះបញ្ជាក់ថា សម្រាប់ប្រធានបទនៃកម្មវិធីនេះ គឺទី១ ការធ្វើបទបង្ហាញលើការអប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២ គឺយុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «ជៀសឆ្ងាយពីគ្រឿងញៀន» «យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍» «កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ» នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបន្ថែមថា អ្វីដែលប្លែកសម្រាប់កម្មវិធី នៅខេត្តកែបនេះ ក៏មានការធ្វើបទបង្ហាញពីលោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយសារខេត្តកែបនឹងទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាទ្រីយ៉ាត្លុង។ ដូច្នេះ នេះជាការផ្សព្វផ្សាយដែលមានសារសំខាន់មួយ ជូនដល់សិស្សានុសិស្សដែលចូលរួម ថាអ្វីទៅជាប្រភេទកីឡាទ្រីយ៉ាត្លុង របៀបរបបនៃការប្រកួត ដែលត្រៀមឆ្ពោះទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយប្រភេទកីឡាទ្រីយ៉ាត្លុងនេះ នឹងត្រូវរៀបចំនៅខេត្តកែបផ្ទាល់តែម្តង។ ជាមួយគ្នានោះ សិស្សានុសិស្សទាំងអស់ បានសម្តែងនូវក្តីរីករាយ និងចូលរួមយ៉ាងផុសផុលផងដែរ ហើយនៅថ្ងៃសុក្រស្អែកនេះ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជានឹងបន្តធ្វើនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ដោយមានវគ្គបណ្តុះបណ្តាល សិក្ខាសាលា ក៏ដូចជាកម្មវិធីលេងកីឡាមួយចំនួនទៀតផង។
យុវសិស្ស រស់ ស្រីនិច សិស្សថ្នាក់ទី១១B នៃវិទ្យាល័យចំការដូច ខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនពិតជាទទួលបានចំណេះដឹង ពីកម្មវិធីការអប់រំគុណតម្លៃអូឡាំពិក ក៏ដូចជាការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង។ «នាងខ្ញុំក៏យល់ខ្លះៗពីការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលគ្រោងប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅខេត្តកែបនេះដែរ ដោយការប្រកួតវិញ្ញាសា៣ បូកបញ្ជូលគ្នា គឺហែលទឹក ជិះកង់ និងរត់ប្រណាំង។ នាងខ្ញុំប្តេជ្ញាចូលរួមគាំទ្រ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាយើង»។
យុវសិស្ស២នាក់ផ្សេងទៀត រៀនថ្នាក់ទី១១ A និង ១១B នៃវិទ្យាល័យហ៊ុន សែន ចំការដូង បង្ហាញពីមោទនភាព និងសប្បាយចិត្តដូចៗគ្នា ដែលបានចូលរួមស្វែងយល់ ពីចំណេះដឹងនៃគុណតម្លៃអូឡាំពិក ហើយថែមទាំងបានយល់កាន់តែច្រើន អំពីប្រភេទកីឡានានា។ យុវសិស្សទាំងពីរនាក់នេះ ក៏ជាកីឡាការិនីបាល់ទះ និងកីឡាការិនីអត្តពលកម្ម ប្រចាំវិទ្យាល័យនេះដែរ ហើយពួកគេសន្យាពីការចូលរួមគាំទ្រ ដល់ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជាទៀតផង៕