ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យធ្វើការ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក

41

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។

ក្នុងសារមួយតាមបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេច អំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់ សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និង សម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរ ប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។ ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជា ដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង»។

សម្តេចបានបន្តថា «តាមចំណាំរបស់ខ្ញុំ អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្មីៗនេះ ទៀតសោត គឺ អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន។ ខ្ញុំមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធរបស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ»។

«ជាថ្មីម្តងទៀតខ្ញុំសូមអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំ មិនយល់ព្រមទិញអាវុធពីអាមេរិកពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិ របស់កម្ពុជាហើយវាក៍ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱយបានជ្រាបថាបើចង់មានឯករាជ្យភាព លើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធ របស់អាមេរិក»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និង សន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគី ដាក់ទណ្ឌកម្មបន្ថែមទៀត មកលើរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុផលភូមិសាស្រ្តនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង