ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការស្បៀងនិងកសិកម្មនៃ សហប្រជាជាតិប្រចាំកម្ពុជា(FAO) ចុះកិច្ចព្រមព្រៀង ផ្តល់ថវិកាបដិភាគ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ ២លាន១៩ម៉ឺនដុល្លាអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារ អង្កេតកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦

311

ទីស្តីការក្រសួងផែនការ ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបសមភាគីដឹកនាំដោយ លោក អែនតូនីញ៉ូ ស៉្យែវ៉ន (Mr.Antonio Schiavone) តំណាងស្តីទីនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(FAO) ចូលជួបពិភាក្សាការងារ និងចុះកិច្ចព្រមព្រៀងផ្តល់ជំនួយ (មិនរួមបញ្ចូលជំនួយបច្ចេកទេស) ចំនួនទឹកប្រាក់ប្រមាណ២លាន១៩ម៉ឺនដុល្លាអាមេរិក ដល់ក្រសួងផែនការ សម្រាប់ការងារអង្កេតកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

ក្នុងជំនួបសម្តែងការគួរសម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានថ្លែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក អែនតូនីញ៉ូ ស៉្យែវ៉ន ដែលបានអញ្ជើញមកទីស្តីការក្រសួងផែនការ តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូអភិវឌ្ឍន៍ផ្តល់ជំនួយបដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជាដល់ក្រសួងផែនការនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍ទិន្នន័យកសិកម្មនៅកម្ពុជា សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ បំពេញនូវភាពកង្វះទិន្នន័យស្ថិតិកសិកម្មកម្រិតប្រទេស ដែលផ្តល់នូវទិន្នន័យកសិកម្មពេញលេញ ទាំងទិន្នន័យគ្រួសារកសិកម្ម និងសហគ្រាសកសិកម្មខ្នាតធំ ជាពិសេសសម្រាប់គាំទ្រ និងវាយតម្លៃលើសូចនាការសំខាន់ៗ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDGs)ផងដែរ ហើយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដែលបានផ្តួចផ្តើមឱ្យមានគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដែលអនុញ្ញាតឱ្យកម្ពុជាទទួលបានជាសមាជិកមួយផងដែរ។

លោក អែនតូនីញ៉ូ ស៉្យែវ៉ន បានមានប្រសាសន៍ថា ក្នុងនាមភាពជាដៃគូអភិវឌ្ឍដ៏ល្អជាមួយកម្ពុជា និងដោយមើលឃើញពីភាពកង្វះទិន្នន័យកសិកម្ម អង្គការFAOបានរៀបចំគម្រោងកម្មវិធីការងារអង្កេតកសិកម្ម៥០X២០៥០ ដើម្បីគាំទ្រផ្តល់ជំនួយថវិកាដល់ប្រទេសក្នុងតំបន់ទាំង៥០ ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ លោក បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការងាររវាង ក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការគ្នាជាមួយនឹងក្រុមការងារបច្ចេកទេស នៃអង្គការFAO ខ្ញុំជឿជាក់ថា យើងនឹងទទួលបានទិន្នន័យកសិកម្មនៅកម្ពុជា មានគុណភាព ដែលអាចទុកចិត្តបាន និងទទួលបានលទ្ធផលល្អប្រសើរជាក់មិនខាន។ អង្គការFAO រីករាយក្នុងការធ្វើសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ។

ការចុះកិច្ចព្រមព្រៀងគ្នានាពេលនេះ សមភាគីអង្គការFAO បានផ្តល់ជំនួយជាថវិកាចំនួន ២ ១៩១ ៥៦៦ ដុល្លារអាមេរិក (មិនគិតបញ្ចូលប្រាក់ជំនួយបច្ចេកទេស)ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៣ ០០៦ ៤២៣ ដុល្លារអាមេរិក (ក្នុងនោះគិតជាសាច់ប្រាក់ចំនួន ១ ៨៣២ ១៥១ ដុល្លារអាមេរិក និងគិតជាវត្ថុសម្ភារ(In-kind) មានចំនួន ១ ៣៥៨ ១២៥ ដុល្លារអាមេរិក) ដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងចំណាយថវិកាសរុបចំនួន ៥ ១៩៧ ៩៨៩ ដុល្លារអាមេរិក និងគម្រោងការងារត្រូវអនុវត្តចាប់ផ្តើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

សូមបញ្ជាក់ថា៖ អង្គការ FAO ប្រចាំកម្ពុជា បានធ្វើសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ជាមួយក្រសួងផែនការ ចាប់ពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ដើម្បីអភិវឌ្ឍទិន្នន័យស្ថិតិកសិកម្មនៅកម្ពុជា គាំទ្រជាថវិកាបដិភាគ, ជំនួយបច្ចេកទេស, ជំនួយសម្ភារៈ, ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការផ្នែកវិភាគទិន្នន័យ និងសរសេររបាយការណ៍ ដើម្បីឆ្លើយតបតម្រូវការទិន្នន័យក្នុងសម័យបច្ចុប្បន្នក្នុងបរិបទនៃគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍនប្រកបដោយចីរភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDG)។

អត្ថបទដែលជាប់ទាក់ទង