ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៩ខែ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀន១៣,៧៣៦នាក់ ក្នុងនោះអ្នកដែលប្រើប្រាស់គ្រឿងញៀន ច្រើនជាងគេ

321

 

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា រយៈពេល៩ខែ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនមានចំនួន១៣,៧៣៦នាក់ ក្នុងនោះអ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ គឺមានអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលមានចន្លោះពី ៣៦,៩២% ដល់៣៩,៥៩% ក្នុងនោះដែរកម្មករពលករមានរហូតដល់ចំនួន៣១,៩១%។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មន្រ្តីបម្រើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍ ទាំង២៥ រាជធានី-ខេត្ត ទទួលបានចំណេះដឹងពីសិក្ខាសាលា ដើម្បីពង្រឹងសមត្ថភាពផ្សព្វផ្សាយបន្តក្នុងវិស័យការងារ។

ការលើកឡើងបែបនេះរបស់លោក ហ៊ុយ ហានសុង បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការតាមដានវឌ្ឍនភាពនៃការអនុវត្ត ប្រកាសលេខ០៨៦, ប្រកាសលេខ១៩៤ និងសេចក្តីជូនដំណឹងលេខ០០៨ របស់រោងចក្រ-សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន-អេដស៍ នៅកន្លែងធ្វើការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធពីចម្ងាយពីអ្នកពាក់ព័ន្ធក្នុងវិស័យការងារ នៅខេត្តសៀមរាប កំពង់ធំ ពោធិ៍សាត់ ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន។

លោកស្រី ជា សុខនី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ពីគោលបំណងសិក្ខាសាលាថា ដើម្បីពង្រឹងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ដើម្បីឈានឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥ បំប៉នចំណេះដឹងឆ្លើយតបថ្មីនៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ចែករំលែកព័ត៌មានឆ្លើយតបជំងឺអេដស៍ និងគ្រឿងញៀន និងពង្រឹងការចូលរួមរបស់មន្ទីររោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ក្នុងការអប់រំផ្សព្វផ្សាយបញ្ហាសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងសិក្ខាសាលានោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ:ពិសេសគណ:កម្មាធិការប្រយុទ្ធនឹងអេដស៍-គ្រឿងញៀនដែលបានយកចិត្តទុកដាក់ដល់សុខភាពនិយោជក និយោជិត ឱ្យចាកចេញឆ្ងាយពីបញ្ហាគ្រឿងញៀន-អេដស៍ នាំសុវត្ថិភាពទាំងកន្លែងធ្វើការ និងសហគមន៍។

បើតាមឧត្តមសេនីយ៍ទោ លឹម តុងហួត បានឱ្យដឹងថា រយៈពេល៩ខែ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនមានចំនួន១៣,៧៣៦នាក់ ក្នុងនោះអ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ គឺមានអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលមានចន្លោះពី ៣៦,៩២% ដល់៣៩,៥៩% ក្នុងនោះដែរកម្មករពលករមានរហូតដល់ចំនួន៣១,៩១%។

ថ្លែងក្នុងនាមលោករដ្ឋមន្ត្រី អ៉ិត សំហេង ក្នុងឱកាសនោះដែរ លោក ហ៊ុយ ហានសុង បានកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺគ្រឿងញៀន-អេដស៍ ថ្នាក់មន្ទីររាជធានី-ខេត្តទាំង២៥ ដែលបានខិតខំអនុវត្តផែនការការងារ របស់ខ្លួនទទួលបានលទ្ធផលល្អ និងបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារតាមផែនការ ព្រោះថាបញ្ហាគ្រឿងញៀន-អេដស៍ បង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់កម្លាំងពលកម្ម ជំរុញសេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះលោក ហ៊ុយ ហានសុង បានសង្កត់ធ្ងន់ថា «បញ្ហាគ្រឿងញៀន-អេដស៍ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែបន្តបង្ការដោះស្រាយ ចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព និងអនុវត្តន៍ទិសស្លោកបីកុំ មួយរាយការណ៍ ដើម្បីអនាគតយើង កូនចៅយើង»៕

អត្ថបទដែលជាប់ទាក់ទង