សម្តេចតេជោ ហ៊ុន សែន ៖ បន្តថែរក្សាការពារសន្តិភាព កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ
នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្ត នៃរដ្ឋសភាជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិនៃកម្ពុជាដែលមានសមាជិក១២៥រូប បានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ៦ ដែលមានរយៈពេល៥ឆ្នាំ (២០១៨-២០២៣)។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ និងអរគុណចំពោះការគាំទ្រ និងទំនុកចិត្តរបស់សមាជិក សមាជិការ នៃរដ្ឋសភាជាតិតទាំងមូល។ សម្តេចប្រមុខដឹកនាំប្តេជ្ញា បន្តថែរក្សាការពារសន្តិភាព កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ដើម្បីពលរដ្ឋកាន់តែមានជីវភាពរស់នៅធូរធារល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយ ទាំងនោះ ឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំ ប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។
សម្ដេចបានមានប្រសាសន៍ថា នឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្មវិធីនយោបាយទាំងនោះ រួមមាន៖ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើតប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់ដល់កំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌។ បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ លើកកម្ពស់ និងបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ និងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបង្កើនភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្ដីត្រូវការគ្រប់ផ្នែករបស់ប្រជាជន។ ពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ ពិសេសការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់សហគ្រាសធន់តូច និងធន់មធ្យម និងសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងអត្រាការប្រាក់ទាបសមរម្យ។ល។ ធានាដល់ការជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្ដល់ជូនដល់ស្រទាប់យុវជន និងការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ។ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ។ បន្តដំឡើងប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការពារអាជីពជូនកម្មករនិយោជិត ការបន្តដំឡើងប្រាក់សោធននិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន។ ពង្រឹងបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃសិក្សា ពិសេសនៅតំបន់ជនបទ។ ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំទ្រសង្គម និងរបបសន្តិសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាពផ្ដល់ជូនប្រជាជនគ្រប់រូប ពិសេសជនក្រីក្រ និងក្រុមជនងាយរងគ្រោះពីហានិភ័យនានា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចនឹងខិតខំដឹកនាំស្ថាប័ននីតិប្រតិបត្តិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ចំពោះប្រជាពលរដ្ឋនៅមុនការបោះឆ្នោត ពិសេសផ្ដល់ការយកចិត្តទុកដាក់លើវិធានការជាក់ស្ដែង ដែលត្រូវដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៩ រួមមាន៖ បន្តដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត និងរៀបចំបើកប្រាក់ឈ្នួលពលកម្មក្នុងរយៈពេល២សប្ដាហ៍ម្ដង។ បន្តបង្កើនបៀវត្សរ៍ និងប្រាក់សោធននិវត្តន៍ជូនមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន និងរៀបចំបើកបៀវត្សរ៍ និងប្រាក់សោធននិវត្តន៍តាមប្រព័ន្ធធនាគារ ក្នុងរយៈពេល២សប្ដាហ៍ម្ដង។ បញ្ចុះថ្លៃអគ្គិសនីតាមកម្មវិធីនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
ដាក់ឱ្យអនុវត្តន៍នូវកម្មវិធីគាំពារសង្គម ជាអាទិភាពមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារក្រីក្រ របបហានិភ័យការងាររបស់មន្ត្រីសាធារណៈ របបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត។
នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាល ទាំងអស់ ទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅព្រះភក្រ្តព្រះមហាក្សត្រ។ នៅថ្ងៃទី៧ កញ្ញា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ ជាផ្លូវការលើកដំបូងនៅវិមានសន្តិភាព៕