លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ ឯកឧត្តម Derek CHOLLET ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក
ភ្នំពេញ៖ លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ ឯកឧត្តម Derek CHOLLET ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១។
នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការត្រៀមលក្ខណៈជាស្រេចរបស់ កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន និងបានគូសបញ្ជាក់អំពីអាទិភាពនានារបស់កម្ពុជា នៅក្នុងសរសរស្ដម្ភសហគមន៍ទាំងបីរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ជាកិច្ចខិតខំប្រឹងប្រែងដើម្បី លើកកម្ពស់ស្មារតីរបស់អាស៊ានជាគ្រួសាររួបរួមគ្នាជាមួយឆន្ទៈខ្ពស់នៃភាព «ទាំងអស់រួមគ្នា» ក្នុង ការថែរក្សា សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតួនាទី របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងឯកសារសមិទ្ធផលនានា ដើម្បីពន្លឿនកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់ អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ក្នុងការថែរក្សាឱ្យបានមជ្ឈភាពអាស៊ាន ក៏ដូចជាសន្តិភាព និងវិបុលភាពក្នុងតំបន់។
ឯកឧត្តម Derek Cholet បានអះអាងជាថ្មីថា អាស៊ានគឺជាចំណុចស្នូលសម្រាប់គោល នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។ ឯកឧត្តម បានជម្រាបថា ឯកឧត្តមប្រធានាធិបតី បៃដិ ក៏កំពុងរំពឹងដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីនិង សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខនេះផងដែរ ដែលក្នុងអំឡុងពេលនោះភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីបញ្ហា និងរបៀបវារៈជាច្រើន រួមមាន ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន អាមេរិក ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាដើម។
កិច្ចពិភាក្សាក៏បានគ្របដណ្តប់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និង ក្តីបារម្ភរួម ផងដែរ៕