គណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ ការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទី កំណត់ព្រំប្រទល់ដីតំបន់៣ ព្រៃលិចទឹកនៃបឹងទន្លេសាប
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំ និងលើកផ្លាកប៉ាណូផែនទីកំណត់ព្រំប្រទល់ដីតំបន់៣ព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
គួរជម្រាបថា ថ្វីដ្បិតខេត្តបន្ទាយមានជ័យមិនជាប់ផ្ទាល់នឹងបឹងទន្លេសាបក៏ពិតមែន ប៉ុន្តែភូមិសាស្ត្រមួយចំនួននៃខេត្តនេះក៏ជាតំបន់ជុំវិញបឹងទន្លេសាបផងដែរ ដោយក្នុងនោះមានដីទំនាបកសិកម្ម ដីតំបន់៣ ព្រៃលិចទឹក ក៏ដូចជាមានស្ទឹងមួយចំនួនដែលជាដៃមួយនៃបឹងទន្លេសាបជាដើម។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដែលមាន២គោលដៅ គឺនៅវាលអន្លក់ ស្ថិតក្នុងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងនៅអាងលីសំអាង ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា ដំណើរការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិនេះពិតជាមានសារៈសំខាន់ណាស់ និងមានគោលបំណងដើម្បីផ្តល់ចំណេះដឹងទូលំទូលាយ និងចែករំលែកបទពិសោធន៍អំពីវិធីសាស្ត្រនៃការរៀបចំកំណត់ បែងចែកតំបន់គ្រប់គ្រង និងរៀបចំផែនការគ្រប់គ្រងសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ និងផ្សព្វផ្សាយ តាមរយៈការបង្កើនសមត្ថភាពដល់មន្ត្រីតំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យយល់ច្បាស់ពីដំណើរការនៃការកំណត់ បែងចែកតំបន់គ្រប់គ្រង និងរបៀបនៃការរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងចូលរួមគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។
អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយល់ឲ្យបានច្បាស់អំពីគោលការណ៍ណែនាំស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិមូលដ្ឋាននៃការធ្វើសារពើភណ្ឌព្រៃឈើ ការសិក្សាស្រាវជ្រាវអំពីជីវចម្រុះ និងការប្រមូលទិន្នន័យសម្រាប់កំណត់ បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងតំបន់សហគមន៍តំបន់ប្រើប្រាស់ដោយចីរភាព ជាពិសេសការផ្ទៀងផ្ទាត់ផែនទីជាមួយចូលរួមក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ និងសមស្របបំផុតផងដែរ។
សូមជម្រាបថា សកម្មភាពនេះគឺអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចុះក្នុងកិច្ចប្រជុំបន្ទាន់មួយស្តីពីក្រុមការងារថ្នាក់ជាតិចុះពិនិត្យព្រៃលិចទឹកតំបន់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីពេលកន្លងទៅ៕