ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិសម្រេចបាន១០០%ហើយ ដើម្បីត្រៀមសម្ពោធជាផ្លូវការអគារក្រសួងការពារជាតិក្រោមអធិបតីសម្តេចតេជោហ៊ុនសែននៅខែចុងខែធ្នូនេះ

128

ភ្នំពេញ៖ គម្រោងនៃកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការកែសម្រួលសម្រេចបាន១០០%ហើយ ដើម្បីអោយទាន់នៃពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពាជាតិ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។

   លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា៖សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយលោកអភិបាល បានជំរុញឲ្យអង្គភាពរបស់លោកជំរុញការងារបានលឿន ធ្វើយ៉ាងណាអោយរួចរាល់នៅមុនការសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពារជាតិ ដែលគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។

  លោកសំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះយើងបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច តែពេលនេះយើងបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%ហើយ។ សួនច្បារថ្មីនេះអាចឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសំ សាមុត ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសំអាតនៅសួនច្បារថ្មីនេះទាំងអស់គ្នានិងសូម កុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកំសានបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ដើមផ្កា។

  លោកបន្តទៀតថា ជាគម្រោងនៅក្នុងខែមករាឆ្នាំ ២០២២ខាងមុខនេះ តាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោក និងធ្វើការកែលម្អសួនច្បារ ចាប់ពីក្តាន់២នេះរហូតដល់មុខវិមានសន្តិភាព បន្តទៀត ដើម្បីឲ្យសួនច្បារនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករានេះ មានសោភ័ណភាពស្រស់បំព្រងដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះ។

  សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕

 

អត្ថបទដែលជាប់ទាក់ទង