ការកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិ សម្រេចបាន១០០ភាគរយហើយ ឱ្យបានសម្ពោធជា ផ្លូវការអគារក្រសួងការពារជាតិ ក្រោមអធិបតីសម្តេចតេជោហ៊ុនសែន នៅខែចុងខែធ្នូនេះ
ភ្នំពេញ៖ គម្រោងនៃកែលម្អរសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការកែសម្រួលសម្រេចបាន១០០ភាគរយហើយ ដើម្បីអោយទាន់នៃពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពាជាតិ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។
លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា៖ សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយលោកអភិបាល បានជំរុញឲ្យអង្គភាពរបស់លោកជំរុញការងារបានលឿន ធ្វើយ៉ាងណាអោយរួចរាល់នៅមុនការសម្ពោធដាក់អោយប្រើប្រាស់អាគារក្រសួងការពារជាតិ ដែលគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៅខែចុងខែធ្នូឆ្នាំ២០២១នេះ។
លោកសំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះយើងបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច ។ តែពេលនេះយើងបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០ភាពហើយ។ សួនច្បារថ្មីនេះអាចឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសំ សាមុត ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសំអាតនៅសួនច្បារថ្មីនេះទាំងអស់គ្នានិងសូម កុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សីឬដាក់បាស់ហាត់ប្រាណ រាំលេងកំសានបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ដើមផ្កា។
លោកបន្តទៀតថា ជាគម្រោងនៅក្នុងខែមករាឆ្នាំ ២០២២ខាងមុខនេះ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោក និងធ្វើការកែលម្អសួនច្បារ ចាប់ពីក្តាន់២នេះរហូតដល់មុខវិមានសន្តិភាពបន្តទៀត ដើម្បីឲ្យសួនច្បារនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករានេះ មានសោភ័ណភាពស្រស់បំព្រង
ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខនេះ។
សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ ។ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕