មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ បន្តចុះពិនិត្យគុណភាពទំនិញតាមផ្សារ ដកហូតទំនិញខូចគុណភាពជាច្រើនគីឡូក្រាម
ត្បូងឃ្មុំ ៖ ដើម្បីធានាសុខភាពជូន ប្រជាពលរដ្ឋជាអ្នកទទួលទាននោះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ដើម្បីមានសុវត្ថិភាពដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋ នៅផ្សារខ្នារ និងផ្សារកណ្តោលជ្រុំ ក្នុងខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានឲ្យដឹងថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោក រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារទាំង២ខាងលើ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះ គឺដើម្បីឲ្យគាត់យល់ដឹងដោយខ្លួនឯង ពីរបៀបជ្រើសរើសម្ហូបអាហារណាដែលមានគុណភាព សុវត្ថិភាពយកមកទទួលទានផងដែរ ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ក្រោយការចុះត្រួតពិនិត្យគុណភាពទំនិញដាក់លក់ជាលទ្ធផល បានប្រទះឃើញ និងដកហូតទំនិញដែលខូចគុណភាពដូចជា សំបកច្រេះប៉ោងកំប៉ិត និងហួសកាលបរិច្ឆទប្រើប្រាស់ សរុបបានចំនួន១៨៩កញ្ចប់/កំប៉ុង ស្មើនឹងប្រមាណ ៨០គីឡូក្រោម ដើម្បីយកទៅកម្ទេចចោល ដែលក្នុងនោះរួមមាន៖ នំប្រហិតត្រីប្រអប់ ២០ប្រអប់, ទឹកក្រូច ១១២ដប, ទឹកម្នាស់ ២៥ដប, ចាហួយ ២០កញ្ចប់, និងសណ្តែកខៀវកំប៉ុង ៥កំប៉ុង។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។ ទន្ទឹមនោះក៏បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែឆ្នាំផលិត និងផុតកំណត់នៃកាលបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់មកដាក់លក់ និងទទួលទានផងដែរ៕