១១ខែឆ្នាំនេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ជាង៣០លានដុល្លារ កើនឡើង១៤%
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន៣០,៣៩០,១៧២ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង១៤% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន២៦,៦៥៨,២២១ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅរយៈពេល១១ខែ ឆ្នាំ២០២១នេះ រួមមាន៖
* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន ២៤,៣៧៧,៦៨៣ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,២៣៣,០៧២ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣០៧,៥៤១ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ២,៤៧១,៨៧៦ដុល្លារ។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះថា ការកើនឡើងចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ នៅរយៈពេល១១ខែ ឆ្នាំ២០២១នេះ ដោយតែបរិមាណទំនិញឆ្លងកាត់ មានការកើនឡើង។
លោក ហ៊ី បាវី បានបញ្ជាក់យ៉ាងដូច្នេះថា «បរិមាណទំនិញឆ្លងកាត់ មានការកើនឡើងប្រមាណ១៥ ទៅ១៧ភាគរយ ធ្វើឲ្យចំណូលមានការកើនឡើងសមាមាត្រដូចគ្នា […] ផលិតផលរោងចក្រកាត់ដេរ មានការកើនឡើង និងផលិតផលកសិផលមួយចំនួន មានការកើនឡើង»។
បន្ថែមពីនោះទៀត លោក ហ៊ី បាវី បានបញ្ជាក់ថា នៅឆ្នាំក្រោយនេះ កំពង់ផែស្វយ័តភ្នំពេញ នឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដោយអាចផ្ទុកទូកុងតឺន័រ ចំនួន១០ម៉ឺនទូបន្ថែមទៀត ខណៈបច្ចុប្បន្ន កំពង់ផែស្វយ័តភ្នំពេញ មានសមត្ថភាពអាចផ្ទុកទូកុងតឺន័របាន ចំនួន៤០ម៉ឺនទូ។
លោក ហ៊ី បាវី បានឲ្យដឹងទៀតថា កំពង់ផែស្វយ័តភ្នំពេញ ក៏កំពុងតែពង្រីកនូវផែរណប់ នៅតាមដងទន្លេបន្ថែមទៀត ដើម្បីសម្រួលដឹកជញ្ជូន ដល់ទីតាំងប្រើប្រាស់ របស់អតិថិជន រួមមាន៖ ផែរណប់គីឡូម៉ែត្រលេខ៦, ផែរណប់ត្បូងឃ្មុំ, ផែរណប់ព្រែកអញ្ចាញ និងផែររណកោះរការ។
លោក ហ៊ី បាវី បានថ្លែងថា «នៅឆ្នាំ២០២២ យើងបានលើកផែនការថា នឹងកើនលើសឆ្នាំ២០២១ ចំនួន១៥ភាគរយ»។
គូសបញ្ជាក់ថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ៕