ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តព្រះវិហារ ចោទប្រកាន់បុរសម្នាក់២បទល្មើស ក្នុងអំពើឃាតកម្មនៅស្រុកគូលែន

204

ព្រះវិហារ៖ ជនសង្ស័យម្នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស រួមមាន បទករណីឃាតកម្ម គិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់ ហើយបានបញ្ជូនខ្លួនទៅឲ្យចៅក្រមដើម្បីធ្វើការឃុំខ្លួនទៅតាមច្បាប់ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ថា ជនសង្ស័យដែលលោកសម្រេចធ្វើការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់មានឈ្មោះ ភោគ មើន អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចាប់ខ្លួននៅព្រលប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្នុងករណីសង្ស័យពាក់ព័ន្ធរឿងឃាតកម្ម សម្លាប់បុរសម្នាក់។

លោក វុធ សាវី បន្ថែមថា ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ ទី១៖បទប្រើប្រាស់អាវុធខុសច្បាប់ និងទី២៖ ករណីឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។ ក្នុងមាត្រានេះ បានចែងថា ឃាតកម្មគិតទុកជាមុន ជាអំពើសម្លាប់មនុស្សគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើង មុនអំពើបៀតបៀនទៅលើរូបបុគ្គល ដែលជាជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀន ទៅលើរូបបុគ្គលជាជនរងគ្រោះ ហើយករណីឃាតកម្មគិតទុកជាមុនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្មគិតទុកជាមុន មួយករណីដោយប្រើប្រាស់អាវុធលួចបាញ់បុរសម្នាក់បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ស្ថិតក្នុងភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រោយហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន បើកការស្រាវជ្រាវ ស៉ើបអង្កេត ករណីឃាតកម្មគិតទុកជាមុន ឈានទៅដល់កំណត់មុខសញ្ញា និងបានធ្វើការនាំខ្លួនមុខសញ្ញា ព្រមទាំងដកហូតអាវុធកែឆ្នៃ (កាប៊ុន) មួយដើម។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែឆ្នៃ (កាប៊ិន) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡូញ ភេទប្រុស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ពិតប្រាកដមែន ដោយមូលហេតុគំនុំ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មាន ឬភ្ញាក់រលឹក ក្នុងការប្រគល់អាវុធគ្រាប់រំសេវគ្រប់ប្រភេទ ដល់អាជ្ញាធរ និងសមត្ថកិច្ចទើបជៀសផុតពីគ្រោះថ្នាក់នឹងមិនប្រឈមចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង