Apple ដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ សម្រាប់អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android
ភ្នំពេញ ៖ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី ‘Tracker Detect’ នៅក្នុង Google Play Store ដើម្បីការពារអ្នកប្រើប្រាស់ដែលមានទូរសព្ទប្រភេទ Android ពីការតាមដានដោយឧបករណ៍ AirTags។ កម្មវិធីនេះនឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ប្រសិនបើវារកឃើញ AirTags ណាដែលមិននៅជិតទូរសព្ទដែលបានភ្ជាប់។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចស្កេនដើម្បីស្វែងរក AirTag ដែលនៅក្បែរ ប្រសិនបើពួកគេគិតថា ជនណាម្នាក់កំពុងប្រើ AirTag ឬឧបករណ៍ផ្សេងទៀតដើម្បីតាមដានទីតាំងរបស់ពួកគេ។
កាលពីដើមខែធ្នូនេះ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត ដោយសង្ឃឹមថាម្ចាស់រថយន្តនឹងមិនត្រូវបានរកឃើញ។
បន្ទាប់មកជនខិលខូចនឹងធ្វើការតាមដានដើម្បីលួចយករថយន្តនៅពេលដែលរថយន្តនោះត្រូវបានចតនៅទីកន្លែងស្ងាត់ ដូចជានៅមុខផ្ទះរបស់ជនរងគ្រោះជាដើម។
ការដាក់ឱ្យប្រើប្រាស់កម្មវិធីនេះគឺជាយុទ្ធសាស្ត្រមួយដើម្បីកាត់បន្ថយការភ័យខ្លាចពី ក្រុមអ្នកស្រាវជ្រាវ និងអ្នកប្រើប្រាស់មួយចំនួនដែលបារម្ភថា AirTags អាចត្រូវបានប្រើដើម្បីតាមដានទីតាំងរបស់ពួកគេ៕