ភ្លើងប្រច័ណ្ឌប្រពន្ធ បុរសជាប្តីប្រើអំពើហិង្សា រហូតឈានទៅ ដល់ដុតផ្ទះខ្លួនឯងឆេះខូចខាតទាំងស្រុង នៅស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយសារតែភ្លើងប្រច័ណ្ឌជាមួយប្រពន្ធ ធ្វើឲ្យបុរសជាប្តីបានប្រើអំពើហិង្សា រហូតឈានទៅដល់ដុតផ្ទះខ្លួនឯង បណ្តាលអោយខូចខាតទាំងស្រុង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២២និង១០នាទី នៅត្រង់ចំណុចចុងអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សម្ភារ:ដែលបានខូចខាតរួមមាន ៖ផ្ទះទំហំ៥ម៉ែត្រ× ៦ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសីចំនួន០១ខ្នង, ស្រូវ ៣៥បេ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
ជនបង្កជាប្តីមានឈ្មោះ ក្លឹង ស៊ី អាយុ២៥ឆ្នាំ ជនជាតិព្នង និងប្រពន្ធឈ្មោះ ថាំ បឺប អាយុ ២៣ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការដុតផ្ទះខាងលើនេះ បណ្តាលមកពីភ្លើងប្រច័ណ្ឌប្រពន្ធដោយសារទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញប្រពន្ធមិនព្រមមក ទើបកើតជាភ្លើងប្រចណ្ឌបង្កជាអំពើហិង្សាឈានទៅដុតផ្ទះខ្លួនឯងតែម្តង ៕