ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ និង​ទីតាំង​កែ​ច្នៃ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ និង​ស្លាប់​ម្នាក់​ ដោយសារ​បាញ់​រះ​មក​លើ​សមត្ថកិច្ច​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​តបត​ការពារ​ខ្លួន​

54

​ភ្នំពេញ​  ៖​  អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​(​ក​១,​ ក​១០)​ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ ខេត្តកណ្ដាល​ និង​ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ខាងលើ​ បាន​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ និង​ទីតាំង​កែ​ច្នៃ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ និង​ស្លាប់​ម្នាក់​។​

​កម្លាំង​ជំនាញ​ “​ក​១០”​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ ដឹកនាំ​ដោយ​លោក​នាយករង​ សារី​ បុត្រ​សត្យា​ ,​ លោក​ យឹ​ម​ សែន​ឧត្ដម​,​ លោក​ ញ៉ុ​ង​ រស់​ប្រាថ្នា​ និង​លោក​ប្រធាន​ការិយាល័យ​ តឹក​ សូ​នី​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០១​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ ស្រុក​កំពង់​សិលា​ (​ផ្លូវបំបែក​ស្រែអំបិល​)​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ ភេទ​ប្រុស​ ជនជាតិ​ចិន​(​តៃវ៉ាន់​)​ ក្នុង​នោះ​ស្លាប់​ម្នាក់​ដោយសារ​ជនល្មើស​បាន​ផ្ទុះអាវុធ​បាញ់​រះ​មក​លើ​សមត្ថកិច្ច​ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​តបត​ការពារ​ខ្លួន​។​ ចាប់​យក​វត្ថុ​តាង​ ៖​ សារធាតុ​ញៀន​ប្រភេទ​ខេ​តា​មីន​ ចំនួន​៧៤​បាវ​ ទម្ងន់​១៤៨០​គីឡូក្រាម​,​ រថយន្ត​២​គ្រឿង​ និង​ អាវុធ​ខ្លី​១​ដើម​ ។​

​ដោយ​អនុវត្តន៍​តាម​ផែនការ​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចិន​ កម្លាំង​ជំនាញ​ “​ក​១”​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ ដឹកនាំ​ដោយ​លោក​នាយករង​ អ៊ិ​ន​ សុង​ ,​ លោក​ ម៉ាក់​ សេរី​វ​ឌ្ឍ​នា​ និង​លោក​ប្រធាន​ការិយាល័យ​ ហុង​ វ​ណ្ណា​រិ​ទ្ធ​ នៅ​វេលា​ម៉ោង​៦​និង​០០​នាទី​ នៅ​ចំណុច​ផ្ទះ​លេខ​40R​ ផ្លូវ​R​ ភូមិ​ព្រៃ​ទា​២​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនល្មើស​ជា​មេខ្លោង​ ជនជាតិ​ចិន​ម្នាក់​ និង​ដកហូត​វត្ថុ​តាង​ រថយន្ត​២​គ្រឿង​ ម៉ូតូ​៣​គ្រឿង​ និង​សម្ភារ​មួយ​ចំនួន​។​

​បន្ទាប់​មក​កម្លាំង​ជំនាញ​ “​ក​១០,​ ក​១”​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ បាន​ប្រតិបត្តិការ​រុករក​ទីតាំង​លួចលាក់​កែ​ច្នៃ​សារធាតុ​ញៀន​ ដោយ​បាន​រក​ឃើញ​ទីតាំង​លួចលាក់​កែ​ច្នៃ​សារធាតុ​ញៀន​ធំ​មួយ​ដែល​បន្លំ​លាក់ខ្លួន​ក្នុង​រូបភាព​ជា​រោងចក្រ​ផលិត​អាល់កុល​ មា​នទី​តាំងនៅ​ភូមិ​ដំបង​វេញ​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ភេទ​ប្រុស​ ជនជាតិ​ចិន​ និង​ដកហូត​វត្ថុ​តាង​(​គ្រប់គ្រង​)​រួម​មាន​ ៖​ សារធាតុ​ញៀន​ខេ​តា​មីន​ ៧៥៧​ គីឡូក្រាម​,​ សារធាតុ​គីមី​៩​ប្រភេទ​ ទម្ងន់​ ៨៤​តោន​៤៥៤​គ​.​ក្រ​១៦៥ក្រាម,​ ម៉ាស៊ីន​ និង​ឧបករណ៍​ស្វ័យប្រវត្តិ​ធំៗ​ សំរាប់​ប្រព្រឹត្ត​កម្ម​កែ​ច្នៃ​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​។​
​សរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនល្មើស​ និង​ដកហូត​វត្ថុ​តាង​ដូច​ខាងក្រោម​ ៖​
១-​ឃាត់​ជនល្មើស​៤​នាក់​ (​ជនល្មើស​ម្នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះអាវុធ​មក​លើ​សមត្ថកិច្ច​ហើយ​ត្រូវ​សមត្ថកិច្ច​តបត​ការពារ​ខ្លួន​)​ ។​

២-​ដកហូត​វត្ថុ​តាង​ ៖​ សារធាតុ​ញៀន​ប្រភេទ​ កេ​តា​មីន​ ទម្ងន់​ប្រមាណ​ ២២៤៣​ គីឡូក្រាម​,​ រថយន្ត​៤​គ្រឿង​ ម៉ូតូ​៣​គ្រឿង​,​ អាវុធ​ខ្លី​១​ដើម​,​ គ្រប់គ្រង​ទីតាំង​ (​រោងចក្រ​)​ ១​កន្លែង​លើ​ផ្ទៃដី​ជាង​៤០​ហិ​កតា​ ដកហូត​ជា​វត្ថុ​តាង​,​ សារធាតុ​គីមី​ផ្សំ​៩​ប្រភេទ​ទម្ងន់​ ៨៤​តោន​៤៥៤​គ​.​ក្រ​១៦៥​ក្រាម​,​ ម៉ាស៊ីន​ឧបករណ៍​ស្វ័យប្រវត្តិ​ធំៗ​សំរាប់​កែ​ច្នៃ​សារធាតុ​ញៀន​ជា​ច្រើន​ប្រភេទ​។​
​សូម​បញ្ជាក់​ថា​ ៖​ កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​ជំនាញ​ប្រើប្រាស់​លើ​គោលដៅ​ចំនួន​ ៣​រួម​មាន​ ៖​

*​គោលដៅ​ទី​១​  ៖​ បង្ក្រាប​នៅ​ចំណុច​ ផ្លូវជាតិ​លេខ​៤​ ស្រុក​កំពង់​សិលា​ (​ផ្លូវបំបែក​ស្រែអំបិល​)​ ខេត្ត​ព្រះ​សីហ​នុ​ ចាប់​យក​សារធាតុ​ញៀន​ប្រភេទ​ខេ​តា​មីន​(KETAMINE)​ ចំនួន​ ៧៤​បាវ​ ទម្ងន់​ ១៤៨០​ គីឡូក្រាម​ និង​ឃាត់ខ្លួន​ជនល្មើស​២​នាក់​៖​ ឈ្មោះ​ LEE​ PO​ HAN​ និង​ឈ្មោះ​ LEE​ TSUNG​ HAN(​ស្លាប់​)​។​
*​គោលដៅ​ទី​២​ ៖​ ទីតាំង​ផលិត​ កែ​ច្នៃ​ គ្រឿងញៀន​ ក្រុមហ៊ុន​ ស៊ី​ន​ យិ​ន​ហ្វេ​ង​(​ខេ​ម​បូ​ឌា​)​ អ៊ិ​ន​ដាស់​ស្ទ្រី​ ខូ​អិ​ល​ឌី​ធី​ (XIN​ YINFENG​ (CAMBODIA)INDUSTRY(CO.LDT)​ ផលិត​អាល់កុល​(ALCOHOL)​ និង​ជី​សិរី​រា​ង្គ​ សមាស​ (ORGANIC​ COMPOUND​ FERTILIZER)​ មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ដំបង​វេញ​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ចាប់​យកសារ​ធាតុគីមី​ផ្សំ​ ៩​ប្រភេទ​ ទម្ងន់​ ៨៤​តោន​ ៤៥៤​គ​.​ក្រ​ ១៦៥​ក្រាម​ និង​កេ​តា​មីន​ ៧៥៧​គ​.​ក្រ​,​ ម៉ាស៊ីន​ឧបករណ៍​សម្រាប់​ផលិត​កែ​ច្នៃ​មួយ​ចំនួន​ធំ​ និង​ឃាត់ខ្លួន​ជនល្មើស​ ១​នាក់​ ឈ្មោះ​ YE​ YONG​។​
*​គោលដៅ​ទី​៣​ ៖​ នៅ​ចំណុច​ ផ្ទះ​លេខ​៤០R​ ផ្លូវ​R​ ភូមិ​ព្រៃ​ទា​២​ សង្កាត់​ចោម​ចៅទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​មេ​ក្លោ​ង​ឈ្មោះ​ YE​ YAN​ SHOU៕​

អត្ថបទដែលជាប់ទាក់ទង