ចាប់ជនជាតិចិនពីរនាក់ ដែលបាញ់ជនជាតិដូចគ្នា ក្នុងហាងផឹកស៊ី កាលពីមួយខែមុន
ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងជា នៅល្ងាចថ្ងៃ៦កញ្ញា២០១៨នេះថា នគរបាលបានស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន២នាក់ ដែលជាជនដៃដល់ ធ្វើសកម្មភាពប្រើប្រាស់ អាវុធបាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងខ្លី ចំនួន២ដើម។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង២រូប នគរបាលនឹងបង្ហាញខ្លួន សាវតារឿងនិង អត្តសញ្ញាណនៅថ្ងៃស្អែកទី៧ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ជនដៃដល់បានបាញ់ប្រហារ ទៅលើជនរងគ្រោះ ពេលកំពុងផឹកស៊ីនៅក្នុងហាង ស៊ីហ៊ូ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យជនរងគ្រោះ៤នាក់ រងរបួសលើដងខ្លួន និងជើង រួចបានរត់គេចខ្លួន៕