នាយករដ្ឋមន្ត្រីកម្ពុជា នឹងតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចនឹងតែងតាំង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ» សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវតែងតាំងជាអ្នកជួយការងារដល់លោក ប្រាក់ សុខុន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាររបស់ខ្ញុំថ្ងៃនេះ ក៏ជាការចែករម្លែកមួយ ដើម្បីដឹងគ្នាជាមុន អំពីការត្រៀមរៀបចំខ្លួន ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ាន ដោយចាប់ផ្តើមពីដំណើររបស់ខ្ញុំទៅ។ ខ្ញុំសូមបញ្ជាក់ថា បេសកជន! ខ្ញុំនឹងតែងតាំងឯកឧត្តម ប្រាក់ សុខុន ធ្វើជាបេសកជន ធ្វើជាប្រធានអាស៊ាន។ ក្នុងនោះ ខ្ញុំក៏បានត្រៀមអ្នកជួយការងារ ឲ្យឯកឧត្តម ប្រាក់ សុខុន គឺឯកឧត្តម ចម ប្រសិទ្ធិ ដែលជាមនុស្សម្នាក់ ដើរជាប់ជាមួយខ្ញុំ ចរចារហូតបញ្ចប់ដំណាក់កាលនេះ»។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋភិបាលកម្ពុជា បានបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយចង់អញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ចូលរួមប្រជុំអាស៊ាន និងចង់បង្រួបបង្រួមអាស៊ាន ឲ្យមកជា១០ប្រទេសឡើងវិញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ ពេលថ្លែងសារក្នុងពិធីដដែលនេះ សម្តេចអះអាងថា «អាស៊ាន ៩ប្រទេស គឺជាអាស៊ានដែលមិនគ្រប់ទឹក»។
ជាមួយនឹងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីម្តងទៀត ពីដំណើរទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕