ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចកម្ពុជា

93

 

ភ្នំពេញ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និបាតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំក្រសួងផងដែរ។

ថ្លែងទៅកាន់អង្គសន្និបាតនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ វិស័យឯកជន ជាពិសេសសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានឋិតនៅជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់ផងដែរអំពីតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលដល់ការធ្វើអាជីវកម្មនៃវិស័យឯកជននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលដើរតួជាអ្នកសម្របសម្រួល មិនមែនជាចៅហ្វាយផ្នែកឯកជនទេ ក្នុងនាមជាអ្នកសម្របសម្រួល យើងធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ជោគជ័យរបស់វិស័យឯកជនគឺជាជោគជ័យរបស់យើងផងដែរ ដូច្នេះសូមបន្តរួមគ្នាដើម្បីជាប្រយោជន៍ដល់វិស័យឯកជន និងដើម្បីជាប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជាលើគ្រប់វិស័យ ដែលកើតចេញពីសុខសន្តិភាព និងការផ្សះផ្សាជាតិពេញលេញ គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកចក្រកម្ពុជា និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន និងកំពុងអនុវត្តបន្តដែលរួមមាន៖ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ការចាក់កៅស៊ូផ្លូវជាតិផ្លូវខេត្ត និងផ្លូវជនបទបានប្រវែង១៥.០០០គីឡូម៉ែត្រ ការសាងសង់ស្ពានធំៗបានចំនួន២០ ការលើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដាអន្តរជាតិ អាកាសយានដ្ឋានថ្មីចំនួនពីរកំពុងសាងសង់ និងគម្រោងលើកកម្រិតគុណភាព និងពង្រីកបណ្តាញផ្លូវថ្នល់សំខាន់ៗ គម្រោងអភិវឌ្ឍន៍ផ្លូវដែក និងកំពង់ផែជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់បន្ថែមទៀតថា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេសចរមកលេងកម្ពុជា ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង