ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្រ្តី ចាប់ផ្តើមពិភាក្សាលើរបៀបវារៈ ស្តីពី “សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម”

57

 

ភ្នំពេញ ៖ កិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈ ស្តីពី “សេចក្តីព្រាងច្បាប់ស្តីពី
វិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម”។

ឯកឧត្តម ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជី
ពាណិជ្ជកម្ម បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ១១៩៩/ ០១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៦០៥ /០១៩ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៥ ដែលច្បាប់ទាំងពីរនេះត្រូវបានអនុវត្តដោយរលូនអស់រយៈកាលជាច្រើន
ឆ្នាំកន្លងមកហើយ ប៉ុន្តែមានមាត្រាមួយចំនួនក្នុងច្បាប់ទាំងពីរនេះមិនដែលបានអនុវត្ត និងដើរមិនទាន់ល្បឿននៃ
ការកែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈនិងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់
និងជាសាកល។ ជាក់ស្តែង ការផ្តល់សេវាសាធារណៈនាពេលបច្ចុប្បន្ន គឺត្រូវបានធ្វើ ឡើងតាមរយៈប្រព័ន្ធស្វ័យ
ប្រវត្តិកម្ម ដែលព័ត៌មាន ឯកសារភ្ជាប់ និងលក្ខខណ្ឌតម្រូវសម្រាប់ការបង្កើត និងការចុះបញ្ជីសហគ្រាស-ក្រុមហ៊ុន
ក៏ត្រូវបានកាត់បន្ថយជាអតិបរមាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នីតិវិធីមួយចំនួនដែលលែងជា លក្ខខណ្ឌ
តម្រូវក្នុងការអនុវត្តជាក់ស្តែង នៅមានចែងក្នុងច្បាប់ទាំងពីរនេះជាធរមាននៅឡើយ។

ទន្ទឹមនឹងនេះដែរ មានមាត្រាមួយចំនួន មិនមានសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចដទៃ
ទៀតនៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជា ជាភាគីហត្ថលេខី។ ដើម្បីចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលលើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅ
កម្ពុជា ធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្មរវាងលិខិតបទដ្ឋានគតិយុត្ត និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិ នៃជំងឺកូវដ-១៩ បានរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនិងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម
និងបញ្ជីពាណិជ្ជកម្ម តាមនីតិវិធីច្បាប់ជាធរមាន។

I.សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង
ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម
១. លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា
កន្លងមក រាជរដ្ឋាភិបាល បានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់ សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរ
ទិន្នន័យអនឡាញ នៅថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០។ បុរេលក្ខខណ្ឌដែលមិនចាំបាច់សម្រាប់ការចុះបញ្ជីមួយចំនួន ត្រូវបានស្នើឱ្យដកចេញ។ ទន្ទឹមនឹងនោះមាត្រាមួយចំនួន ដែលធានាដល់បរិយាកាសប្រកួតប្រជែងរវាងសហគ្រាស និងការបំពេញកាតព្វកិច្ចផ្នែកពន្ធដារ ត្រូវបានស្នើបញ្ចូលក្នុងសេចក្តីព្រាងនៃវិសោធនកម្មច្បាប់ទាំងពីរនេះ។

២. សង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ច ព្រមព្រៀងអន្តរជាតិ
មាត្រាមួយចំនួននៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នៅមិនទាន់មានតម្លាភាព និងសង្គតិភាពជាមួយនឹងកាតព្វកិច្ចរបស់កម្ពុជាក្រោមក្របខណ្ឌជាតិ និងអន្តរជាតិ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ។ មាត្រាដែលមិនមានតម្លាភាព និងសង្គតិភាពរួមមាន មាត្រាទាក់ទងនឹង មូលបត្រស្ថិតក្នុងទម្រង់គាហកៈ (Bearer share) និងអ្នកតំណាងម្ចាស់ភាគហ៊ុន (Nominee shareholders)។

៣. ត្រៀមខ្លួនសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩
ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ដើម្បីធានាសង្គតិភាពរវាងច្បាប់ទាំងពីរ និងច្បាប់បទ
ប្បញ្ញត្តិផ្សេងទៀតដូចជាច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកំណត់នីតិវិធីឱ្យមានភាពច្បាស់លាស់ ក្នុងការបង្កើតសាខាក្រុមហ៊ុនក្នុងស្រុកនិងការចុះបញ្ជី
សហគ្រាសឯកបុគ្គល សម្រាប់ទ្រទ្រង់ដល់យន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន។

សំណើសុំធ្វើវិសោធនកម្មនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម
និងបញ្ជីពាណិជ្ជកម្ម គឺដើម្បី៖
១) ជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូន និងមានតម្លាភាព
២) ធ្វើឱ្យច្បាប់ទាំងពីរនេះ មានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល
៣) រួមចំណែកក្នុងការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩

II.ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

១. ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦០៥/ ០១៩ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥ ត្រូវបានធ្វើវិសោធនកម្ម ដូចខាងក្រោម៖
– ដោយធ្វើនិរាករណ៍ មាត្រា១៦៦ មាត្រា១៧៥ មាត្រា១៨២ មាត្រា១៨៣ មាត្រា១៨៤ មាត្រា១៨៥ មាត្រា១៨៦ មាត្រា១៨៧ មាត្រា១៨៨ មាត្រា១៨៩ មាត្រា១៩០ និងមាត្រា១៩៦
– ដោយកែប្រែ មាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ មាត្រា៥៩ មាត្រា៦២ មាត្រា៨៧ មាត្រា១០១ មាត្រា១០៦ មាត្រា១១០ មាត្រា១១៤ មាត្រា១១៥ មាត្រា១៣៧ មាត្រា១៤៤ មាត្រា១៦១ មាត្រា១៧៤ មាត្រា១៩២ មាត្រា១៩៥ មាត្រា២២៥ មាត្រា២៣៤ មាត្រា២៥៥ មាត្រា២៦២ មាត្រា២៧០ និងមាត្រា២៧១ និងដោយកែប្រែជំពូកនិងផ្នែកព្រមទាំងបន្ថែមមាត្រា៨ សួន មាត្រា៥៣ ស្ទួន ក្នុងជំពូកទី២ មាត្រា១៤៧ សួន ក្នុងជំពូកទី៣

២.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/០១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ត្រូវបានធ្វើវិសោធនកម្ម មាត្រា១១ មាត្រា១៤មាត្រា១៧ និងមាត្រា២៦។

៣. ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/
រកម/០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ ត្រូវបានធ្វើវិសោធនកម្ម មាត្រា៤៧។

សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី
វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្ការសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងបង្កើនកំណើនសេដ្ឋកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង