ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាក់ទំនងអាស៊ាន-កូរ៉េ កំពុងមានសន្ទុះលឿនទៅមុខ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌

55

 

ភ្នំពេញ៖ លោកបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ភាពរីកចម្រើននៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េកំពុងមានសន្ទុះលឿនទៅមុខ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ការលើកឡើងបែបនេះ របស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបើក សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី «បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ» នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសំណាក់លោក ផាក អ៉ឹងក្យឺង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, សាស្ត្រាចារ្យបណ្ឌិត ផាក អ៊ីនគុក (PARK In-Kook) ប្រធានវិទ្យាស្ថានជ័យ សម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ, បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លោកបានលើកឡើងទៀតថា សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី «បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ» បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យអ្នកស្រាវជ្រាវ អ្នកនយោបាយ អ្នករៀបចំ និងអ្នកអនុវត្តគោលនយោបាយ តួអង្គពាក់ព័ន្ធដទៃទៀត ក៏ដូចជាប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យរឹតតែស្រឡាញ់គ្នា ចេះការពារ ពង្រឹង និងបន្តពូនជ្រុំទំនាក់ទំនងជាមិត្តភាពនេះឱ្យបានជាគុណប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមផងដែរថា អ្នកចូលរួមនៅក្នុងសន្និសីទអន្តរជាតិថ្ងៃនេះ នឹងពាំនាំយកនូវពុទ្ធិល្អៗរបស់វាគ្មិនជាតិ និងអន្តរជាតិ ទៅចែករំលែកដល់អ្នកស្រាវជ្រាវវ័យក្មេងជំនាន់ក្រោយ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងដ៏ថ្លៃថ្លារបស់អាស៊ាន និងសាធារណរដ្ឋកូរ៉េ។

លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានចាត់ទុកថា «ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវអាស៊ាន និងអ្នកស្រាវជ្រាវសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការ ស្វែងយល់គ្នាទៅវិញទៅមក ហើយតាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នាទៅវិញទៅមកនេះ វាក៏នឹងពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលទាំងសង្ខាងក្នុងការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ឱ្យកាន់តែជិតស្និទ្ធ និងទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ»។

បន្ថែមពីនេះ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ នៅមានកិច្ចការជាច្រើនទៀត ដែលបញ្ញវន្ត និងអ្នកស្រាវជ្រាវរបស់អាស៊ាន និងសាធារណរដ្ឋកូរ៉េត្រូវធ្វើ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងសងខាង ក៏ដូចជាតំបន់ឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវប្រមូលចងក្រងបទអន្តរាគមន៍ និងជ្រើសយកអត្ថបទល្អៗសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនអាស៊ាន និងសាធារណរដ្ឋកូរ៉េឱ្យបានទូលំទូលាយ និងសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយៗទៀត។

បើតាមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េ បានរៀបចំនូវគោលនយោបាយថ្មីៗ ជាពិសេសគឺរៀបចំគោលនយោបាយអត្ថិភាពចំនួន៧ និងចំណុចសំខាន់ផ្សេងៗ ដែលរដ្ឋាភិបាលកូរ៉េនឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និតជាមួយនឹងប្រជាជាតិអាស៊ាន ក៏ដូចជាការសម្រេចឱ្យបាននូវភាពជាដៃគូរទៅថ្ងៃអនាគត។

លោក ផាក អ៉ឹងក្យឺង បានបន្តថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងបន្តកិច្ចសហប្រតិបត្តិការនៅអាស៊ាន ដើម្បីសហគមន៍បណ្តុះបណ្តាលមជ្ឈមណ្ឌលសន្តិភាព និងវិបុលភាពនៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង