ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងឆ្នាំ ២០២១នេះ, បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០.៣០លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក

41

 

ភ្នំពេញ ៖ លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោក Jacques PELLET ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានរំលឹកពីទំនាក់ទំនងទ្វេភាគី មិត្តភាពជិតស្និទ្ធិ រវាងបារាំង និងកម្ពុជា ដែលមានតាំងពីយូរលុងណាស់មកហើយ ។ បារាំងបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួល ក្នុងកិច្ចដំណើរសន្តិភាពនៅកម្ពុជា ដោយឈានដល់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ជាដើម។ សាធារណរដ្ឋបារាំង ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី កសិកម្ម អប់រំ និងគម្រោងវិនិយោគសាធារណៈជាច្រើន ។

ជាក់ស្តែង, នៅក្នុងឆ្នាំ ២០២១នេះ, បារាំង-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ ២០.៣០លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្ម ទឹក និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។

លោកឯកអគ្គរដ្ឋទូត Jacques PELLET បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងថា ជាការពិតកម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD ។

កិច្ចសហប្រតិបត្តិការនេះ គឺបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានការប្តេជ្ញា សម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឲ្យបាន ០.៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានកម្ពុជាផងដែរ។

រដ្ឋាភិបាលបារាំង, តាមរយៈ AFD, សន្យាថានឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយគៀរគហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ជាទិសដៅទៅមុខ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងដាក់ចេញនូវ «យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ដែលជាឯកសារបង្ហាញផ្លូវ ដើម្បីកម្ពុជា ចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និងបរិយាប័ន្ន។ «ឯកសារបង្ហាញផ្លូវ» គឺជាក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ក្នុងទិសដៅលើកកម្ពស់ចីរភាព កំណើន និងការកសាងភាពរាំងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំងជាថ្មីម្តងទៀត ដែលបាន និងបន្តគាំទ្រ ទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក៏ដូចជាបានផ្តល់នូវកិច្ចសហប្រតិប្តិការល្អប្រសើររវាងកម្ពុជា-បារាំង នាពេលកន្លងទៅ ហើយបានស្នើឲ្យបារាំងបន្តជួយសម្របសម្រួលទាក់ទាញអ្នកវិនិយោគគិនបារាំង និងអឺរ៉ុប មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមជូនពរលោក Jacques PELLET និងសហការី ព្រមទាំងតំណាង AFD ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចថ្មីនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង