មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា «មកទល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ហេីយក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់តាមដានសុខភាពគាត់»។
បើតាមលោកស្រី ឱ វណ្ណឌីន, មកដល់ពេលនេះដែរ ក៏កម្ពុជាមិនទាន់រកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង បន្ថែមទៀតនោះទេ។
លោកស្រី សំណូមពរប្រជាពលរដ្ឋកុំភ័យពេក តែក៏កុំហ៊ានពេកដែរ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ បូកជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋាន និងដូសទីបី នៅពេលដល់វេនលោកអ្នក ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងខ្លួនថ្មី និងដេីម្បីនិរន្តរ៍ភាពយូរអង្វែងនៃការរស់នៅធម្មតាតាមប្រក្រតីថ្មីនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។
ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច។
ថ្មីៗនេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា៕