ម្ចាស់ជំនួយបច្ចុប្បន្ន និងអនាគត ត្រូវបានអញ្ជើញឲ្យគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដើម្បីជួយសម្រេចបាននូវគោលដៅ នៃប្រទេសកម្ពុជា គ្មានមីននៅឆ្នាំ២០២៥
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) និងអង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងសហគមន៍ម្ចាស់ជំនួយ បានបើកការប្រជុំតាមអនឡាញ និងការប្រជុំនៅនឹងកន្លែង ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar CHAKER តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និងយូអិនឌីភី និងមានការចូលរួមពីតំណាងមកពី នាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្ម(DFAT)របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យការងារបោសសម្អាតមីនឆ្នាំ២០២១ រួមទាំងសមិទ្ធិផលគម្រោងឆ្នាំ២០២១ និងបញ្ហាប្រឈមក្នុងការអនុវត្ត និងបង្ហាញនូវអាទិភាពសំខាន់ៗឆ្នាំ២០២២ និងបច្ចុប្បន្នភាពហិរញ្ញវត្ថុ។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលផ្លាស់ប្តូរសម្រាប់កម្មវិធី ខណៈដែលវាផ្លាស់ប្តូរពីការឆ្លើយតបមនុស្សធម៌ទៅវិធីសាស្រ្តដែលផ្តោតលើការអភិវឌ្ឍន៍មនុស្ស។
ម្ចាស់ជំនួយបច្ចុប្បន្ន និងអនាគតត្រូវបានអញ្ជើញឲ្យគាំទ្រគម្រោងនេះ ដើម្បីជួយសម្រេចបាននូវគោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តជាតិសកម្មភាពមីន(NMAS) ឆ្នាំ២០១៨-២០២៥ និងចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា គឺគោលដៅទី១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីបញ្ចប់ផលប៉ះពាល់អវិជ្ជមាននៃមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់ជំនួយជនរងគ្រោះ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) អូស្ត្រាលី នូវែលសេឡង់ និងសហគមន៍ម្ចាស់ជំនួយបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។
លោក លី ធុជ បានថ្លែងអំណរគុណ ចំពោះកយកា និងម្ចាស់ជំនួយដទៃទៀត ដែលបានគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ការអនុវត្ត យុទ្ធសាស្ត្រជាតិកម្ចាត់មីនឆ្នាំ២០១៨-២០២៥ និងដើម្បីទទួលបានជោគជ័យនៃ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) ពីឆ្នាំ២០២០-២០២៥៕