ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយ ស្តីពី “ការអនុវត្តតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២”

55

ភ្នំពេញ៖ នាថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយតាមប្រព័ន្ធវីដេអូ Zoom ស្តីពី “ការអនុវត្តតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២” ក្រោមអធិបតីភាពរបស់លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករសរុបចំនួន ២៧៥ នាក់ ពីបណ្តាអង្គភាពគយនិងរដ្ឋាករនៅទូទាំងប្រទេស ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើប្រធានបទដដែលនេះ ជូនដល់វិស័យឯកជន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុននិងសមាគមធុរកិច្ចសរុបចំនួន ២០៥ រូប (ឬត្រូវជា ១៣០ស្ថាប័ន) ជាធុរជននាំចេញ-នាំចូល ប្រតិបត្តិករដឹកជញ្ជូន និងជើងសាគយពាក់ព័ន្ធ។

លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា តារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ គឺស្របតាមតារាងពន្ធគយអាស៊ានឆ្នាំ២០២២ (ដែលហៅកាត់ថា AHTN 2022) និងស្របតាមតារាងពន្ធគយរបស់អង្គការគយពិភពលោកឆ្នាំ២០២២ (WCO HS 2022) ជាកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន ជាសមាជិក WCO និងជាភាគីហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីប្រព័ន្ធស៊ីចង្វាក់នៃការបរិយាយទំនិញនិងលេខកូដ (Convention on the Harmonized Commodity Description and Coding System)។

នៅក្នុងសិក្ខាសាលានេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញលើប្រធានបទមួយចំនួន រួមមាន ១.បម្រែបម្រួលសំខាន់ៗនៃតារាងពន្ធគយ WCO HS 2022 និងតារាងពន្ធគយអាស៊ាន AHTN 2022, ២.ការរៀបចំតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ និងបម្រែបម្រួលអត្រាពន្ធនិងអត្រាអាករលើមុខទំនិញសំខាន់ៗ និង៣.ការធ្វើបច្ចុប្បន្នភាពលេខកូដទំនិញនៃបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ និងទំនិញដែលពន្ធនិងអាករជាបន្ទុករដ្ឋ។

ជារួម នៅក្នុងតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ នេះ ចំនួនបន្ទាត់ពន្ធ និងលេខកូដទំនិញ (AHTN Code) ភាគច្រើនត្រូវបានកែសម្រួលខុសពីតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧។

ទន្ទឹមនេះ អត្រាពន្ធនិងអាករលើមុខទំនិញមួយចំនួន ជាពិសេស មុខទំនិញបម្រើឱ្យវិស័យអាទិភាពនានា ដែលត្រូវទទួលការលើកទឹកចិត្ត ក៏ត្រូវបានកែសម្រួល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ និងទំនិញដែលពន្ធនិងអាករជាបន្ទុករដ្ឋ ក៏មានការប្រែប្រួលតែលើលេខកូដទំនិញតាមតារាងពន្ធគយកម្ពុជាឆ្នាំ២០២២ ពុំបានប្រាសចាកពីខ្លឹមសារដើមនៃបទប្បញ្ញត្តិជាធរមានឡើយ។

សិក្ខាសាលាទាំងពីរនេះបានប្រព្រឹត្តទៅដោយរលូន និងបានផ្តល់នូវព័ត៌មានស្តីពីការកែសម្រួលសំខាន់ៗទាំងលើទិដ្ឋភាពតារាងពន្ធគយ និងការធ្វើបច្ចុប្បន្នភាពលេខកូដទំនិញលើបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងបញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងទំនិញដែលត្រូវបានដាក់ពន្ធនិងអាករជាបន្ទុករដ្ឋ ដើម្បីឲ្យទាំងមន្រ្តីគយ និងវិស័យឯកជន អាចត្រៀមលក្ខណៈអនុវត្តបានទាន់ពេលវេលា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ៕

អត្ថបទដែលជាប់ទាក់ទង