ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកាឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២១។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន បង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ត វិធានការដោយកត់ត្រាជាបំណុលរួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្ត វិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជន ភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់ ដោយឡែក ចំពោះ ថ្លៃសេវាប្រមូលសំរាមខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវកំណត់នៅត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់វឹងរាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ចរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Phillip Bank, Prince, Bank,CHIP MONG, ស្ថាបនា, ប្រាសាក់, អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, TrueMONEY, លីហួរវេរលុយ, DaraPay និងPiPay។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២ ៕