ប្រជាពលរដ្ឋទីទ័លក្រ និងជនចាស់ជរា៥០គ្រួសារ រស់នៅទួលទំពូងទី១ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា..!
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនដែលអមដំណើរដោយអស់លោក លោកស្រី និង លោកចៅសង្កាត់ទួលទំពូងទី១ព្រមទាំង មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ និង ជនចាស់ជរាចំនួន៥០គ្រួសារមូលដ្ឋានសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមននៃរាជធានីភ្នំពេញ។
នាឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមននិង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនបានមានមតិលើកឡើងដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រទាំងអស់ដោយក្តីនឹករលឹក។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងដោយគូសបញ្ជាក់ថាជានិច្ចកាលកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន សម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់និងគិតគូរជានិច្ចទៅដល់ប្រជាជនទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ បងប្អូនជានិច្ចក្នុងគ្រា ដែលពុក ម៉ែ បង ប្អូន ពិសេសជនចាស់ជរាដែលគាត់ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជាក់ស្តែងដូចជានៅពេលនេះគឺ សម្តេចទាំងទ្វេរ នឹង មិនបណ្តែតបណ្តោយ ទុកអោយពុកម៉ែ បង ប្អូន ណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀងឬអត់អាហារនោះទេហើយសកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រទាំង៥០គ្រួសារនាពេលនេះគឺក្នុង មួយគ្រួសារៗទទួលបាន៖អង្ករ មី .ទឹកសុីអុីវ .ទឹកត្រី .ម៉ាសយកទៅប្រើប្រាស់ការពារជម្ងឺកូវីដ១៩ .និង ថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានោះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើង យ៉ាងក្បោះក្បាយក្នុងន័យគិតគូអំពីសុខទុក្ខចំពោះបងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់ និងបងប្អូនអាជីវករនៅតាមទីផ្សារនានា នៅខណ្ឌចំការមនព្រមទាំងអតិថិជននៃផ្សារនិមួយៗសូមអោយបងប្អូនបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា និង ជាពិសេសអ៊ំចាស់ ៗត្រូវថែទាំសុខភាពខណៈពេលនេះ ឈានចូលរដូវរងាដោយអាកាសធាតុត្រជាក់ធ្លាក់ខ្យល់ពីទិសខាងជើង និង ស្នើដល់អាណាព្យាបាលគ្រប់រូប ត្រូវមើលថែទាំកុមារតូចៗផងដែរដោយ មិនត្រូវធ្វេសប្រហែសឡើយ៕