អាវុធអាមេរិកនៅកម្ពុជា ភាគច្រើនជាអាវុធចាស់ទ្រុឌទ្រោម សល់ពីសម័យលន់ នល់
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា អាវុធរបស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាពេលនេះ គឺជាអាវុធចាស់ដែលសេសសល់នៅបាតឃ្លាំង តាំងពីសម័យលន់ នល់ ម៉្លេះ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏មិនដែលទិញអាវុធពៅសហរដ្ឋអាមេរិកនោះដែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាន់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ពេលនេះកងទ័ពកំពុងប្រមូល និងត្រួតពិនិត្យ អាវុធអាមេរិក។
សម្ដេចបានបញ្ជាក់ដូច្នេះថា៖ «មែនទែនទៅអាវុធនេះមួយចំនួនចាស់ហើយ គឺយើងមិនបានប្រើនោះទេ វាតិចណាស់ដែលបានប្រើ តែកន្លងមកយើងតែងតែទុកដាក់នៅតាមសារមន្ទីរ នៅកន្លែងមួយចំនួន តែឥឡូវនេះមានបទបញ្ជាអញ្ចឹងយើងកំពុងតែប្រមូលតាមបណ្ដាអង្គភាពត្រូវរៀបចំទុកដាក់ ហើយយើងនឹងធ្វើការត្រួតពិនិត្យមើលនៅពេលអនាគត ដើម្បីមើលថា អ្វីយើងត្រូវរក្សាទុក អ្វីដែលយើងត្រូវបំផ្លាញចោល»។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ អាវុធអាមេរិក ដែលសេសសល់ពីសម័យសង្គ្រាមទាំងនោះ មានសុខភាពចាស់ទ្រុឌទ្រោម ដែលមិនអាចប្រើប្រាស់បាននោះទេ ផ្ទុយទៅវិញរឹតតែបង្កមហន្តរាយសម្រាប់ការប្រើប្រាស់ផងដែរ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាអាមេរិក ហើយបើមានត្រូវយកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោលតាមការជាក់ស្តែង។
ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក តាមរយៈការិយាល័យ ឧស្សាហកម្ម និង សន្តិសុខរបស់ខ្លួន បានប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មបន្ថែមទៀតមកលើរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានរឹតត្បិតការលក់អាវុធ និងសម្ភារយោធាឱ្យកម្ពុជា ក្រោមហេតុផលភូមិសាស្រ្តនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិក ដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់សម្តេច មិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរ ដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱ្យបានជ្រាបថា «បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិសូមកុំប្រើប្រាស់អាវុធ របស់អាមេរិក»។
រហូតមកដល់ពេលនេះ ក្រសួងការពារជាតិ មិនទាន់បង្ហាញរបាយការណ៍ដែលអាចបញ្ជាក់ថា នៅកម្ពុជា មនអាវុធអាមេរិកចំនួនប៉ុន្មាននោះទេ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានដដែលនេះ សម្ដេចពិជ័យសេនា បានគាំទ្រប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះប្រកាសមិនលក់អាវុធឲ្យកម្ពុជា ដល់សម្ដេចបញ្ជាក់ថា «ដោយសារតែកន្លងទៅកម្ពុជាក៏មិនដែលទិញអាវុធពីសហរដ្ឋអាមេរិកនោះដែរ»។
សម្ដេច ទៀ បាញ់ បន្ថែមថា «អាវុធអាមេរិកដែលមានប៉ុន្មាននេះ គឺយើងប្រមូលពីសម័យសង្គ្រាម ដែល លន់ នល់ បានយកមកប្រើប្រាស់ ដោយមាននៅសល់បាតឃ្លាំង»។
បើតាម សម្ដេចពិជ័យសេនា, អាវុធអាមេរិកដែលសេសសល់នៅបាតឃ្លាំង នៅកម្ពុជានេះ អាចនឹងត្រូវកម្ទេចចោល ក្រោយពេលត្រួតពិនិត្យរួចរាល់៕