គំនិតឡឺកឺ ៖ មួយឃ្លារបស់ខុងជឺ
ភ្នំពេញ ៖ នាយខ្ញុំមិនមែនជាអ្នកប្រាជ្ញ ឬ ជាទស្សនវិទូអ្វីទេតែចូលចិត្តលើកយកទ្រឹស្ដីល្អៗ ដែលមានតម្លៃសម្រាប់មនុស្សជាតិទូទៅ មកវែកញែកចែកគ្នាវិភាគ ។
តាមពិតមនុស្សយើងមើលខ្នងខ្លួនឯង មិនឃើញទេ តែដោយសារការរីកចម្រើន នៃវិទ្យាសាស្រ្តគេអាចមើលខ្នងខ្លួនឯង ឃើញតាមរយៈកញ្ចក់ ។បើកាលពីសម័យមិនទាន់មាន កញ្ចក់គេអាចពឹងពាក់គ្នាឯង ឲ្យជួយមើលបាន ។
ផ្ដើមចេញពីកញ្ចក់នេះហើយ ទើបវាចេះតែមានរឿងរ៉ាវច្រើនកើតមាន ទោះបីវិទ្យាសាស្រ្តរីកចម្រើនខ្លាំងបែបនេះ ក៏ពិតមែនតែមនុស្សនៅ តែមិនព្រមឆ្លុះកញ្ចក់មើលខ្នងខ្លួនឯង ។ ខ្លះខំឆ្លុះហើយពេលឃើញមុខ ខ្លួនឯងប្រឡាក់ធ្យូង បែរជាមិនទទួលយកទេ គឺឈ្លើយទៅចង្អុលថា មុខគេប្រឡាក់ធ្យូងទៅវិញ ។
ជាក់ស្ដែងអ្នកនយោបាយនៅស្រុកខ្មែរតែម្ដង ដែលចូលចិត្តប្រឆាំងជាមួយកញ្ចក់ ។គេកសាងប្រទេសតាំងពីមានស្ពានឆ្លងទន្លេសាបតែមួយ ស្ពានឆ្លងទន្លេមេគង្គក៏គ្មាន ស្ពានអ្នកលឿងក៏គ្មានបែរជា នៅស្រែកជំទាលថាដឹកនាំប្រទេសមិនរីកចម្រើន បើមិនជឿឲ្យក្រុមអញដឹកនាំ សាកមើលមិនមែនបែបនេះទេ ស្ពានជ្រោយចង្វារដែលបាក់ ដោយសារសង្គ្រាមទំនង ជាមិនទាន់ជួសជុលផង ។
អញ្ចឹងហើយទើបអ្នកទស្សនវិទូចិនខុង ជឺបាននិយាយថា៖មនុស្សអាត្មា និយមតែងតែនិយាយថា៖”អញអត់ខុសទេ គឺឯងទេដែលជា អ្នកខុសនោះ“ ។
មួយឃ្លានេះពិតជាមានន័យមែន ព្រោះនៅលើលោកនេះគ្មាននរណា ដែលគ្មានកំហុសឡើយ ទោះបីអ្នកនោះដេកចាំតែស៊ីក៏គង់ តែមានថ្ងៃណាមួយខាំអណ្ដាតខ្លួនឯង ឬ ស៊ីទៅអួលបាយ ឆ្លាក់ឆ្អឹងដែរ ។នេះគ្រាន់តែដេកស៊ីគង់មាន កំហុស ចុះទម្រាំអ្នកធ្វើ តើអាចផ្គាប់ចិត្តអាមនុស្សដែល ចាំតែចាប់កំហុសបានដែរឬទេ ?
ធ្វើជាមនុស្សកុំខ្លាចកញ្ចក់ កុំខ្លាចរហូតមិនហ៊ានមើលខ្នងខ្លួនឯង ហើយបើមាននរណាម្នាក់ប្រាប់ យើងថាខ្នងរបស់យើងប្រឡាក់ហើយនោះ យើងគួរតែអរគុណគេព្រោះគេមិន បរិហារយើងទេតែគេជួយប្រាប់ យើងយល់ឬនៅអ្នកគ្មានកំហុសទាំងឡាយ ៕