ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាល កីឡាអាជ្ញាកណ្ដាល អុកចត្រង្គកម្ពុជា កម្រិតអន្តរជាតិ

246

 

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល កីឡាអុកចត្រង្គកម្ពុជា កម្រិតអន្តរជាតិត្រូវបាន បញ្ចប់ហើយ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការ អស់រយៈពេល៥ថ្ងៃ។
វគ្គនេះមានអាជ្ញាកណ្តាល ចូលរួមសិក្សាសរុបចំនួន ៣២នាក់មកពី១៦ក្លិប រាជធានី-ខេត្ត ដែលជាសមាជិកពេញ សិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

យោងតាមរបាយការណ៍ ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់ រយៈពេល០៥ថ្ងៃនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ប្រកបដោយ ភាពទទួលខុសត្រូវ លទ្ធផលនៃការសិក្សាគឺនិទ្ទេសល្អ ២០នាក់និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម ៤នាក់។
គ្រូឧទ្ទេសសម្រាប់វគ្គនេះ មានលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ក្រោមការផ្តល់ថវិកាគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ដោយប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣៥ភាគរយ នៅក្នុងចំណោមការ កំណត់ជាបីមុខសញ្ញា គឺការងាររដ្ឋបាល២០
ភាគរយ ការងារ បណ្តុះបណ្តាល៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយ។

លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបញ្ជាក់ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកម្រិតអន្តរជាតិ នាពេលនេះពិតជា មានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការដឹកនាំការ ប្រកួតលើឆាកអន្តរជាតិនានា ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាស្នើឲ្យសិក្ខាកាម ទាំងអស់បន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ របស់កម្ពុជាឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត ពីព្រោះកីឡាអុកចត្រង្គនេះ គឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ ហើយតាមរយៈ វគ្គបណ្តុបណ្តាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមកពី១៦ក្លិប នៃរាជធានី-ខេត្តនឹង យកចំណេះដឹង ក្បួនច្បាប់នៃការលេង កីឡាអុកនេះទៅផ្សព្វផ្សាយ ឲ្យបានទូលាយ និងកសាងធនធានអុកចត្រង្គឲ្យ កាន់តែសម្បូរបែបបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង