ធនាគារ ADB និងEIB, AIIB ដែលជាសហហិរញ្ញប្បទាន បានធ្វើការអនុវត្តគម្រោង វិធានការចំរុះគ្រប់គ្រោងវិស័យធនធានទឹក របស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ធនាគារ ADB និងEIB, AIIB ដែលជាសហហិរញ្ញប្បទានបាន ធ្វើការអនុវត្តគម្រោងវិធានការចំរុះគ្រប់គ្រោងវិស័យធនធានទឹករបស់ប្រទេសកម្ពុជា ក្នុងទ្រង់ទ្រាយខ្នាតធំដែល ជាតម្រូវការចំបាច់របស់ប្រទេសយើងក្នុងការធានាដល់សន្តិសុខទឹកលើគ្រប់វិស័យ ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដោយផ្ទាល់ ក្នុងអំឡុងឆ្នាំ២០១៧ មកដល់ពេលនេះ ដោយបានទទួលនូវការគាំទ្រជាប្រចាំពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានកិច្ចសហការល្អប្រសើរជានិច្ចហើយគ្រប់ជ្រុងជ្រោយពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ឯកឧត្តមរដ្ឋមន្រ្តីបាន ធ្វើការបង្កើតឡើងនូវ យុទ្ធសាស្រ្តដៃគូក្នុងក្របខ័ណ្ឌទូទាំងប្រទេស CPS ដើម្បីធ្វើការអភិវឌ្ឍន៍ និងធ្វើទំនើកម្មវិស្វកម្មក្នុងការ គ្រប់គ្រងវិស័យធនធានទឹក ប្រើប្រាស់ទឹក បញ្ជាទឹក និងកិច្ចការឧតុនិយមដោយ មានលក្ខណៈរឹងមាំក្នុងការទប់ទល់ នឹងគ្រប់ស្ថានការនៃបម្រែបម្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ នោះគឺ COBP និងផែនការការងារវិនិយោគ រយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យ គ្រប់គ្រងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០១៩-២០៣៣។
ដោយបុព្វហេតុនេះហើយទើប បានក្នុងពេល កម្មវិធីទស្សនកិច្ចនីមួយៗរបស់ថ្នាក់ដឹកនាំនៃ ADB CPM ពីគណៈកម្មាធិការនាយកប្រតិបត្តិ អគ្គនាយក អគ្គនាយករងនៃនាយកដ្ឋាន ពាក់ព័ន្ធទាំងអស់របស់ ADB មកកាន់ប្រទេសកម្ពុជា បានសម្តែងនូវការពេញចិត្តពេញថ្លើម និងយល់បានច្បាស់លាស់ នូវបណ្តាតម្រូវការចាំបាច់ប្រភេទធំៗ ក្នុងផែនការវិនិយោគខាងលើ រួចបានចាត់ការបន្តទាន់ ពេលវេលាដើម្បីធ្វើឲ្យសន្តិសុខ ទឹកកាន់តែមានសុវត្ថិភាព ល្អប្រសើរឡើងប្រកប ដោយប្រសិទ្ធភាពខ្ពស់ មានស័ក្តិសិទ្ធ និងមានការប្រកួតប្រជែង។
ទើបនៅពេលថី្មៗនេះ ADB បានធ្វើការដឹកនាំ នូវបេសកកម្មបន្ទាន់ចាំបាច់មួយ មកកាន់ប្រទេសកម្ពុជាភ្លាមៗ។
ជាក់ស្តែងពីថ្ងៃទី១៤-១៧ ខែធ្នូ ឆ្នាំ២០២១ នេះដោយបានទទួលនូវ ការអនុញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត ជាអនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ឯកឧត្តមអនុរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការរងនៃ គណៈកម្មាធិជាតិទន្លេមេគង្គ និងសហការីទាំងអស់ ដែលបានអញ្ជើញមក ពីគ្រប់អង្គភាពចំណុះ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំអង្គប្រជុំជួប ជាមួយនឹងគណៈប្រតិភូរបស់ ក្រុមបេសកកម្ម ADB ដែលការប្រជុំនេះបានប្រព្រឹត្តទៅតាម Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំរំដួល។
ជាលទ្ធផលរបស់អង្គប្រជុំខាងលើ គឺទទួលបានជោគជ័យដ៏ធំចារ ជាប្រវត្តិសាស្រ្តក្នុងវិស័យធនធានទឹក ដោយបង្កើតឡើងនូវ គម្រោងវិធានការចម្រុះ ធ្វើការគ្រប់គ្រោងវិស័យធនធានទឹក IWRM នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ADB នឹងចំណាយទុនដ៏ធំ ធនាគារវិនិយោគរបស់ សហគមន៍អឺរ៉ុប EIB បោះទុនធំទ្វេរក្នុងនាមជា សហហិរញ្ញប្បទាន និងធនាគារវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB នឹងចំណាយទុនដ៏ធំ ក្នុងនាមជាសហហិរញ្ញប្បទាន។
អញ្ជើញចូលរួមក្នុងអង្គប្រជុំនាពេលនោះរួមមាន ៖
១- ឯកឧត្តម អស់លោក លោកស្រី និងនាងកញ្ញាតំណាងជាន់ខ្ពស់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជាច្រើនរូប
២- លោក Ryutaro Takaku មន្រ្តីជាន់ខ្ពស់របស់ ADB ប្រធានក្រុមបេសកកម្ម អស់លោក លោកស្រី និងនាងកញ្ញាតំណាងជាន់ខ្ពស់របស់ ADB ជាច្រើនរូប
៣- អស់លោក លោកស្រី និងនាងកញ្ញាតំណាង ជាន់ខ្ពស់របស់ EIB ជាច្រើនរូប
៤- អស់លោក លោកស្រី និងនាងកញ្ញាតំណាង ជាន់ខ្ពស់របស់ AIIB ជាច្រើនរូប
៥- ឯកឧត្តម អស់លោក លោកស្រី និងនាងកញ្ញាតំណាង ក្រសួងស្ថាប័នធពាក់ព័ន្ធទាំងអស់
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានយល់ព្រមអនុញ្ញាត និងសូមធ្វើការ កោតសរសើរដល់ ADB និងEIB, AIIB ដែលជាសហហិរញ្ញប្បទាន បានធ្វើការអនុវត្តគម្រោងវិធានការ ចំរុះគ្រប់គ្រោងវិស័យ ធនធានទឹករបស់ប្រទេសកម្ពុជា ក្នុងទ្រង់ទ្រាយខ្នាតធំដែល ជាតម្រូវការចំបាច់ របស់ប្រទេសយើង ក្នុងការធានាដល់សន្តិសុខទឹក លើគ្រប់វិស័យ ៕