ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់កម្មករក្រុមហ៊ុនណាហ្គា បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់

49

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់តំណាង និងកម្មករនិយោជិត ក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ការធ្វើបាតុកម្មដោយខុសច្បាប់ នៅលើសួនច្បារ សម្ដេច ហ៊ុន សែន ។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការធ្វើបាតុកម្មនេះ ផ្ទុយពីការឯកភាពគ្នារវាងលោក/លោកស្រី និងរដ្ឋបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ជាពិសេសបានរំលោភច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្នុងជំពូកទី២ មាត្រា៥ ដែលបានបញ្ញត្តថា «ក្រុមបុគ្គលណា ដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្តមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការដឹកនាំធ្វើបាតុកម្មនេះទៀតសោត មិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដែលងាយបង្កហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងអំឡុងពេលដែលកម្ពុជា ទើបបានរកឃើញករណីឆ្លងមេរោគបំប្លែងប្រភេទថ្មី «អូមីក្រុង»។

ក្នុងន័យខាងលើនេះ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ពិសេសទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញស្នើលោក/លោកស្រីបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់នេះជាបន្ទាន់ ហើយត្រូវអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ក្នុងករណីដែលលោកលោកស្រី នៅតែបន្តធ្វើសកម្មភាពដោយខុសច្បាប់ទៀត លោក/លោកស្រី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង