ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ លួចលុយក្រុមហ៊ុន យកទៅលេងល្បែងអស់គ្មានលុយសង ត្រូវអាវុធហត្ថចាប់ខ្លួន

96


ភ្នំពេញ៖ បុរសម្នាក់បានលួចយកលុយពីអតិថិជន របស់ក្រុមហ៊ុន ទៅលេងល្បែងអស់ហើយ និងគ្មានប្រាក់សងក្រុមហ៊ុនវិញ ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ហើយកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។ បុរសម្នាក់នេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចោទប្រកាន់ ពាក់ព័ន្ធរឿងលួចលុយក្រុមហ៊ុន ដោយសារយកលុយទៅលេងល្បែង។

បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក សុផាន់ណា អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅម្តុំស្ថានីយចាក់ប្រេងសូគីមិច ក្បែរអតីតរង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ថា ជនសង្ស័យបានប្រមូលលុយពីអតិថិជនរបស់ក្រុមហ៊ុន មិនយកទៅបង់ឲ្យក្រុមហ៊ុន ម្តងហើយម្តងទៀត។

បើតាមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៖ ជនសង្ស័យសារភាពថា រូបគេយកលុយពីអតិថិជន របស់ក្រុមហ៊ុនទៅលេងល្បែងអស់ហើយ និងគ្មានប្រាក់សងក្រុមហ៊ុនវិញ ទើបអាវុធហត្ថចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង