ពន្លឿនកិច្ចព្រមព្រៀង ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោករវាង កម្ពុជា និងវៀតណាម
ភ្នំពេញ ៖នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទទួលស្វាគមន៍ និងជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលមានគោល បំណងពិភាក្សា អំពីការពន្លឿនកិច្ចព្រមព្រៀង ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក និងរបបគ្រប់គ្រងប៉ុស្តិ៍ត្រួត ពិនិត្យច្រកទ្វារព្រំដែនគោករវាង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ ស្វាគមន៍ ចំពោះការអញ្ជើញរបស់ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ មកសម្តែងការគួរសម និងជួបប្រជុំជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើការងារពាក់ព័ន្ធមួយចំនួន នាពេលនេះ។
ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាន៍ជម្រាបជូនឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថា ស្ថានភាពនៃប្រទេសកម្ពុជា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបើកដំណើរការ ប្រទេសឡើងវិញ ស្ទើរទាំងស្រុង បន្ទាបពីកម្ពុជាមានស្ថានភាពធូរស្រាល ដែលបានទប់ស្កាត់ជំងឺ រាតត្បាតកូវីដ-១៩ បានជោគជ័យ។
ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា បន្ទាប់ពីការបើកប្រទេស ឱ្យដំណើរការឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងពិនិត្យមើលឡើងវិញនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនានា ជាមួយប្រទេសវៀតណាមបន្តទៀត ជាពិសេសការងារបើកច្រកព្រំដែន រវាងប្រទេសទាំងពីរឱ្យ ដំណើរការឡើងវិញផងដែរ។
នាឱកាសនោះ ឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការអបអរសាទរ ដល់កម្ពុជា ដែលបានយកឈ្នះ លើជំងឺកូវីដ-១៩យ៉ាងធំធេង ខណៈវៀតណាម កំពុងតែមាន ការប្រឈមកាន់តែខ្លាំងឡើងដដែល។
ឯកឧត្តម បានជម្រាបជូនថា ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ ឯកឧត្តម មានគោលបំណង ស្នើដល់ភាគីកម្ពុជាជួយពិនិត្យលទ្ធភាព រៀបចំបើកនូវច្រកទ្វារព្រំដែន មួយចំនួនឡើងវិញ ដែលមានច្រកទ្វារព្រំដែនមួយចំនួន មិនទាន់បានបើកដំណើរការនៅឡើយ ហើយក៏ដូចជាស្នើឱ្យមានការពិនិត្យ និងពិភាក្សាគ្នារវាងប្រទេសទាំងពីរ ដើម្បីរៀបចំឱ្យមានការតម្លើង នូវច្រកទ្វារព្រំដែនថ្មីបន្ថែមទៀត ព្រមទាំងស្នើឱ្យកម្ពុជា សហការរួមគ្នារៀបចំ កិច្ចការងារពាក់ព័ន្ធមួយចំនួន នៅតាមខ្សែបន្ទាប់ព្រំដែន នៃប្រទេសទាំងពីរ ធ្វើយ៉ាងណាឱ្យព្រំដែន នៃប្រទេសទាំងពីរ មានស្ថេរភាពជានិរន្ត៍។
ជាការឆ្លើយតប ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានប្រសាសន៍ថា ឯកឧត្តម ទទួលយកសំណើ ក៏ដូចជាការលើកឡើង របស់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយនិងពិនិត្យមើល និងប្រជុំពិភាក្សាឱ្យ បានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេចបន្ត។ ដោយឡែកកិច្ចព្រមព្រៀង ឬក៏លក្ខណៈដទៃដែលមានជាមួយគ្នាកន្លងមក ឯកឧត្តម និងពិនិត្យ មើលឡើងវិញដើម្បីរៀបចំ ការងារបើកច្រកទ្វារព្រំដែន នៃប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការរស់នៅ និងទំនាក់ទំនងដោះដូរ ទំនិញរបស់ប្រទេស ពលរដ្ឋទាំងពីរមានភាពល្អប្រសើរឡើងវិញ៕