ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាបង្ហាញម៉ូត កូនកាត់ខ្មែរបារាំង កញ្ញា ម៉ាយ៉ា ត្រៀមយកម្កុដដ៏ស្រស់ស្អាត ទៅបង្ហាញម៉ូដនៅអាមេរិក

335


ភ្នំពេញ៖ តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ា គ្រោងចេញទៅបង្ហាញមុខ​ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិ នៅសហរដ្ឋអាមេរិកដែលប្រព្រឹត្តិទៅនៅអំឡុងខែតុលាឆ្នាំ២០១៨នេះ។ អ្នកជំនាញផ្នែកច្នៃម៉ូតកំពុងខិតខំរចនាម្កុដ​ ដ៏ស្រស់ស្អាតទាក់ទាញបំផុត សម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏សម្បើមនេះ។

កញ្ញា Marianne Clais ហៅ សោម៉ា គ្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិ ជាលើកដំបូងក្នុងជីវិតរបស់នាងតាមការរៀបំរបស់ អ្នកច្នៃម៉ូត និងអ្នកផលិតកម្មវិធីល្បីឈ្មោះលោក Remy Hou ។ តាមការការបញ្ជាក់របស់លោក Remy Hou បានបញ្ជាក់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៏ ១១ រោច ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៨ នេះថា៖ ក្រោយពីបានឱកាសភ្លាម លោកបានពិភាក្សាជាមួយអ្នកជំនាញផ្នែកគូរម៉ូត និងអ្នកច្នៃគ្រឿងអលង្ការជំនាញខ្មែរពីររូបគឺលោក អ៊ី សុខជា និងលោក លី តារា ដើម្បីរចនាគ្រឿងលម្អខ្លួនពិសេសម្កុដដែលនឹងឲ្យតារាបង្ហាញម៉ូតខាងលើគ្រង់ និងដើម្បីឲ្យប្រាកដថាទាំងម៉ូតសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនរបស់ នារីខ្មែរលើទឹកដីសហរដ្ឋអាមេរិក លើកដំបូង នេះនឹងក្លាយជាទីចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ លោកបន្តថា៖ ម្កុដនេះធ្វើពីស្មាច់ និងស្ពាន់ជ្រលក់ដោយទឹកពណ៌មាស ហើយគម្រូបានចេញជារូបរាង ហើយគឺនៅតែពេលចាក់ពុម្ពតុបតែង ឲ្យកាន់តែស្រស់ស្អាតក្នុងរចនាបទខ្មែរ ពោលគឺអាចនឹងរួចរាល់ក្នុងអំឡុងចុងខែកញ្ញានេះ។ លោកថាទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងអលង្ការកំពុងតែលេចរូបរាង មកបណ្តើរៗហើយដើម្បី ចូលរួមកម្មវិធីលំដាប់អន្តរជាតិដែលមានអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតមកពី៥ប្រទេសចូលរួមមានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។

តាមការគ្រោងទុក លោក Remy Hou នឹងដឹកនាំក្រុមការងារនិង នាំតារាបង្ហាញម៉ូតជនជាតិខ្មែរមួយរូបគឺកញ្ញា Marianne Clais ហៅ ម៉ាយ៉ា វ័យ១៥ឆ្នាំចេញទៅចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិដ៏ធំមួយនៅសហរដ្ឋអាមេរិក។ ពួកគេនឹងចេញដំណើរទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី១២ខែតុលាខាងមុខនេះ។

សូមបញ្ជាក់ដែរថា៖ លោក Remy Hou គឺជាអ្នកច្នៃម៉ូតល្បីឈ្មោះម្នាក់ដែលលោក ចាប់ផ្តើមការងារច្នៃម៉ូត ផ្នែកសម្លៀកបំពាក់ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូតស្បែកជើងចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យ តារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ។ ខណៈតារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ាធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ កាន់តែខ្លាំងក្រោយពីនាងបានបង្ហាញមុខ ក្នុងឈុតសម្លៀកបំពាក់បុរាណ រហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស កញ្ញាឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ។ គេហទំព័រASEAN Beauty Pageant សសើរនិងប្រៀបធៀបសម្រស់ដូចរាជនី ហើយគេហទំព័រនេះរំពឹងថានាងអាចនឹងចូលរួមប្រកួតកម្មវិធី បវកញ្ញាកម្ពុជា នៅឆ្នាំ២០២០ខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង