ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងផែនការ រៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច នៅកម្ពុជាឆ្នាំ២០២១ ស្តីពី “វឌ្ឍនភាពការងារជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២”

323

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញអធិបតីភាពបើកកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ ស្តីពី “វឌ្ឍនភាពការងារជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២” តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១។

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខំប្រឹងប្រែង ក្នុងការអនុវត្តសកម្មភាពការងារជំរឿនសេដ្ឋកិច្ច ពីសំណាក់ក្រុមការងារស្នូលបច្ចេកទេស និង គណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច នាពេលកន្លងមក ដើម្បីឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន សម្រាប់ដំណើរការប្រជុំគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១នាពេលនេះ ក្នុងគោលបំណង ដើម្បីពិភាក្សា ពិនិត្យ និងសម្រេចលើខ្លឹមសារនៃឯកសារសំខាន់ៗ សម្រាប់ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើទី១ នៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤” ដែលឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ JICA រដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានលទ្ធផលជោគជ័យ។ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ផ្អែកលើរបាយការណ៍លទ្ធផលបឋមស្តីពីការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ចនៅតាមរាជធានីខេត្តទាំង២៥ បានឱ្យដឹងថាមានចំនួនអង្គភាពសេដ្ឋកិច្ចសរុប ៧៤៣ ៥៣២ ទីតាំងមូលដ្ឋាន នៅឆ្នាំ២០២១ សម្រាប់ទូទាំងប្រទេស។ ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ ៤៧% បើធៀបនឹងឆ្នាំ២០១១ (ជំរឿនសហគ្រាសឆ្នាំ២០១១) ហើយនិងបានកើនទ្បើងប្រមាណ ៤៥% បើធៀបនឹងឆ្នាំ២០១៤ (ទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤)។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា តាមរយៈកម្មវិធីកិច្ចប្រជុំនាពេលនេះ ខ្ញុំមានសង្ឈឹមយ៉ាងមុតម៉ាំថា ឯកឧត្តម លោកជំទាវ នឹងចូលរួមពិភាក្សា និងពិនិត្យ សម្រេចផ្តល់ធាតុចូលបន្ថែមសម្រាប់កែលម្អរ លើឯកសារសំខាន់ៗដែលគណៈកម្មការបច្ចេកទេសជំរឿនសេដ្ឋកិច្ច បានរៀបចំ និងស្នើទ្បើង ក្នុងគោលបំណងដើម្បីអនុវត្តសកម្មភាពជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ឱ្យកាន់តែមានគុណភាពល្អប្រសើរថែមទៀត។

ឯកសារទាំងនោះ រួមមាន៖
• តារាងសំណួរអង្គភាពសេដ្ឋកិច្ច តារាងបញ្ជីស្រង់អង្គភាពសេដ្ឋកិច្ច ឯកសារណែនាំមន្រ្តីសម្ភាសន៍ ឯកសារណែនាំមន្រ្តីត្រួតពិនិត្យ ឯកសារណែនាំតួនាទីមន្រ្តីសម្របសម្រួលខេត្ត និងវិទ្យាស្ថានជាតិស្ថិតិ និងឯកសារផ្សេងៗទៀត ដើម្បីអនុវត្តជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២
• ការប្រើប្រាស់ស្លាកសញ្ញាលើសម្ភារជំរឿនសេដ្ឋកិច្ច
• ខ្លឹមសារស្ប៉តទូរទស្សន៍ វិទ្យុ បដា ខិត្តប័ណ្ណ សម្រាប់យុទ្ធនាការជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២
• ផែនការសកម្មភាពអនុវត្តគម្រោងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២-២០២៣
• ជាពិសេសគឺទិសដៅការងារអនុវត្តបន្តឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង