រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ទទួលជួប លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ: នៅទីស្តីការក្រសួងយុត្តិធម៌, នាថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២២ខែធ្នូឆ្នាំ២០២១, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងដើម្បីពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុង ជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដូចដែលមានកំណត់ក្នុងផែនការ សកម្មភាពសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ទាំងពីរ ដែលទើបត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។
ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញ ប្រសិទ្ធភាពការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ គ្រប់ជ្រុងជ្រោយរវាងគ្នានិងគ្នា ជាពិសេស ការបង្កើតឱ្យមានច្រក ទំនាក់ទំនងតែមួយ (Focal Point) រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ សម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការនេះ។ ទន្ទឹមនេះ, លោកអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសវៀតណាម ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅ ក្រសួងយុត្តិធម៌នៃប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខនេះ ហើយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជាក៏បានថ្លែងអំណរគុណ ចំពោះការអញ្ជើញនេះ និងបានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ក្រសួងយុត្តិធម៌នៃប្រទេសវៀតណាមតាមការអញ្ជើញនេះ៕ សំរិត