ឱសថប្រភេទគ្រាប់ ព្យាបាលកូវីដ-១៩
បរទេស៖ សហរដ្ឋអាមេរិកទើបតែបាន អនុញ្ញាតឱ្យប្រើប្រាស់ឱសថរបស់ក្រុមហ៊ុនហ្វៃស័រ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាប់កុមារមានអាយុចាប់ពី ១២ឆ្នាំ ឡើងទៅ ដែលមានហានិភ័យពីជំងឺធ្ងន់ធ្ងរ។ នេះជាឱសថប្រភេទគ្រាប់លេបដំបូងគេ សម្រាប់ព្យាបាលនៅតាមគេហដ្ឋាន និងជាឧបករណ៍មួយប្រយុទ្ធប្រឆាំងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរ៉ុសអូមីក្រុង។
យោងតាមទិន្នន័យពីការសាកល្បង ឱសថរបស់ក្រុមហ៊ុនហ្វៃស័រ ឈ្មោះប៉ាកឡូវីដ ឬ Paxlovid មានប្រសិទ្ធភាពជិត ៩០% ក្នុងការបង្ការការសម្រាកពេទ្យ និងមរណភាព ក្នុងអ្នកជំងឺមានហានិភ័យខ្ពស់ពីជំងឺធ្ងន់ធ្ងរ។ ទិន្នន័យមន្ទីរពិសោធន៍បានបង្ហាញថា ឱសថនេះរក្សាបាននូវប្រសិទ្ធភាពរបស់ខ្លួនប្រឆាំងវីរ៉ុសអូមីក្រុង។
ក្រុមហ៊ុនហ្វៃស័របានបង្កើនការផលិតសម្រាប់ឆ្នាំ២០២២ ពីចំនួន ៨០លាន ទៅ ១២០លាន សម្រាក់ការព្យាបាល និងត្រៀមចែកចាយភ្លាមៗ នៅក្នុងសហរដ្ឋអាមេរិក។ ការព្យាបាលរួមបញ្ចូលគ្នាឱសថពីរប្រភេទ គឺឱសថថ្មី Paxlovid និងឱសថប្រភេទចាស់ Ritonavir ៕