ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីកូរ៉េខាងត្បូង ផ្តល់ការ លើកលែងទោសដល់ អតីតប្រធានាធិបតី ផាក គឺនហេ

115

សេអ៊ូល៖ ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសថា លោកប្រធានាធិបតី មូន ចេអ៊ីន បានសម្រេចផ្តល់ ការលើកលែងទោសជាផ្លូវការ ដល់លោកស្រីអតីតប្រធានាធិបតី ផាក គឺនហេ ដែលកំពុង ជាប់ពន្ធនាគារ ពីបទពុករលួយនោះហើយ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក ផាក ប៊ុម គ្យេ (Park Beom-Kye) បានប្រាប់ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅព្រឹកថ្ងៃសុក្រនេះថា «យើងបានដាក់បញ្ចូលឈ្មោះ អតីតប្រធានាធិបតី Park (ទៅក្នុងបញ្ជីអ្នកដែលត្រូវ បានលើកលែងទោស) ដើម្បីយកឈ្នះលើអតីតកាល ដ៏អកុសល, បង្ហាញពីការរួបរួម របស់ប្រជាជន និងជាការផ្តល់ឱកាស ដើម្បីបោះជំហានថ្មីមួយឆ្ពោះទៅអនាគត»

លោកស្រី ផាក គឺហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយ នឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតី កូរ៉េខាងត្បូង ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាច កាលពីឆ្នាំ២០១៧ ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយ មនុស្សជំនិត ក្នុងការទទួលបានប្រាក់មូលនិធិ រាប់លានដុល្លារ ពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ ក្រុមគ្រួសារខ្លួនឯង។

កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោល នូវការផ្ទន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាស ជាលើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំង តាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួល បានការលើកលែងទោស។

គួរបញ្ជាក់ថា នៅមុនការប្រកាសដោយ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងនេះ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា «ខ្ញុំបានដឹងថា ឈ្មោះរបស់អតីត ប្រធានាធិបតី ផាក ត្រូវបានដាក់ក្នុងបញ្ជីនៃមនុស្ស ដែលនឹងត្រូវទទួល បានការលើកលែងទោស»

អត្ថបទដែលជាប់ទាក់ទង